ព័ត៌មានជាតិ

កម្ពុជា យកខេត្តព្រះសីហនុ បើកកិច្ចប្រជុំមហាសន្និបាត សមុទ្រអាស៊ីបូព៌ា នៅចុងឆ្នាំ២០២១ (Video)

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមហាសន្និបាត សមុទ្រអាស៊ីនាចុងឆ្នាំ២០២១ ក្នុងក្រុងព្រះសីហនុ ។ កិច្ចប្រជុំនេះ នឹងក្លាយជាពិធីធំលើកដំបូង របស់កម្ពុជាក្រោយចាប់ផ្តើម បើកប្រទេសឡើងវិញ នាដើមខែវិច្ឆិកានេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាននាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ា នឹងប្រព្រឹត្តទៅនាថ្ងៃទី១-២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធាន បទ Charting a New Decade of Hope-Healthy Oceans, People and Economy មានន័យថា បង្កើតទសវត្សថ្មីសម្រាប់ សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច ។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍ ប្រកបដោយចីរភាពនៃ សមុទ្រពិភពលោក។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នៅកម្ពុជា ក៏នឹងប្រព្រឹត្តទៅជាមួយវេទិកាថ្នាក់ រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រង បរិស្ថានសមុទ្រអាស៊ីបូព៌ា នៅក្នុងខេត្តព្រះសីហនុនោះផងដែរ។

ប្រទេសដែលនឹងចូលរួមក្នុង វេទិកានេះមានជាង១០ ប្រទេស មកពីខាងក្រៅដូចជាចិន, ជប៉ុន, កូរ៉េ និងប្រទេសជាច្រើនដទៃទៀត។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ា នាចុងឆ្នាំ២០២១នេះ ត្រូវបានគេធ្វើចេញពីខេត្តព្រះសីហនុ ដែលមានឆ្នេរស្អាតបំផុត នៅលើពិភពលោក និងបច្ចុប្បន្នកំពុងក្លាយជាតំបន់ សេដ្ឋកិច្ចគំរូពហុបំណងរបស់កម្ពុជា នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ នៃពហុជាតិសាសន៍ ៕

To Top