ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា មរតកដូនតាដែលបានបន្សល់ទុកលើសពី ៥០ឆ្នាំឡើងទៅ ត្រូវនាំគ្នាថែរក្សា និងអភិរក្ស ខណៈគ្មានការ រុះរើ ឬវាយកម្ទេចស្ពានថ្មចាស់ សល់ពីសម័យបារាំង មានអាយុកាលជាង ១០០ឆ្នាំ ស្ថិតនៅមុខសាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាដាច់ខាត ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) នៅព្រឹកទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីចៀសវាងគ្រោះថ្នាក់ អាជ្ញាធរខេត្តបាត់ដំបង ត្រូវរកវិធីកុំឲ្យប្រជាពលរដ្ឋ ឆ្លងកាត់លើស្ពាននោះទៀត ជំនួសមកវិញដោយធ្វើស្ពានបន្ថែមនៅក្បែរនោះ មិនមែនវាយស្ពានចាស់ចោលនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ថា «កន្លងទៅស្រាប់តែនាំគ្នាផ្អើលពេញហ្វេសប៊ុក ថាយើងនាំគ្នាប្រុងវាយស្ពាន សល់ពីសម័យបារាំងនៅបាត់ដំបង សូមបញ្ជាក់ រឿងអ្វីដែលបន្សល់ទុកលើសពី ៥០ឆ្នាំទៅ គឺខិតខំរក្សា អាហ្នឹងក្លាយទៅជាសមិទ្ធផល អានោះជាង ១០០ឆ្នាំ រឿងអីត្រូវទៅវាយចោល ខិតខំរក្សាវា ជួសជុលធ្វើម៉េចទប់ដើម្បីកុំឲ្យវាបាក់» ។
សូមរំលឹកថា ស្ពានថ្មចាស់សល់ពីសម័យបារាំងនេះ ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាស្ពានឆ្លងកាត់ស្ទឹងសង្កែ សាងសង់ឡើងនៅឆ្នាំ១៩១៦ ដែល មានភាពស៊ីវិល័យ តាមរចនាបថបារាំង ។ កាលពីអំឡុងឆ្នាំ២០០០ ស្ពាននេះក៏ធ្លាប់បានស្នើសុំរុះរើ រួចម្ដងមកហើយ តែដោយសារមានប្រតិកម្ម ពីប្រជាពលរដ្ឋ អ្នកប្រវត្តិសាស្ត្រមួយចំនួន និងស្ថានទូតបារាំងផងនោះ ស្ពាននេះត្រូវបានជួសជុលទុក រហូតមកដល់បច្ចុប្បន្ន ។ ស្ពានថ្មចាស់សល់ពីសម័យបារាំង មានអាយុកាលដ៏ចំណាស់ជាង ១០០ឆ្នាំមកហើយ ជាសំណង់បេតិកភណ្ឌទីក្រុង នៅសល់តែមួយគត់ ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន ៕
ដោយ៖ ខា ដា