ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក គ្មានអ្នកណាហាមឃាត់នោះទេ តែបើក្នុងករណីលក់ ដើម្បីយកលុយមកធ្វើនយោបាយ គឺអាស្រ័យទៅលើចៅក្រម ព្រោះសំណុំរឿង របស់អតីតមេបក្សបប្រឆាំងនេះ កំពុងស្ថិតក្នុងដៃតុលាការ ។
លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញសង្គមតេឡេក្រាម នាថ្ងៃ៣ វិច្ឆិកា ថា “ការប្រកាសលក់គេហដ្ឋាន និងដីរបស់កឹម សុខា ជាសិទ្ធិរបស់សាម៉ីជន ដែលជាម្ចាស់កម្មសិទ្ធិ ។ ការដាក់ការសង្ស័យថា យកលុយទៅជួយ គណបក្សនយោបាយណាមួយ អាស្រ័យលើចៅក្រម ដែលដាក់បម្រាមធ្វើនយោបាយ ជាអ្នកសន្និដ្ឋាន” ។
លោក កឹម សុខា លក់ផ្ទះក្នុងតម្លៃជាង២លានដុល្លារ ។ ក្នុងនោះក៏មានអ្នកវិភាគថា ការលក់ផ្ទះរបស់លោក កឹម សុខា ក្នុងដំណាក់កាលកូវីដ មិនទាន់រលត់បាត់នេះ ដើម្បីយកលុយ មកធ្វើនយោបាយ ។ នេះបើវិទ្យុអាស៊ីសេរី ផ្សាយកាលពីថ្ងៃ២ វិច្ឆិកា។ វិទ្យុនេះបន្តថា លោក កឹម សុខា ដាក់លក់វិឡា ដែលកំពុងស្នាក់នៅសព្វថ្ងៃ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ គឺធ្វើឡើងតាម គេហទំព័រអចលនទ្រព្យមួយ កាលពីពេលថ្មីៗ ។ វិឡានេះមានបន្ទប់គេង៦ បន្ទប់ទឹក៨ និងមានអាងហែលផងដែរ ។
ចង់ជ្រាបថា ករណីលោក កឹម សុខា ពិតលក់ផ្ទះមែនអត់នោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទាក់ទងទៅលោក មុត ចន្ថា មនុស្សជំនិត របស់លោក កឹម សុខា អំពីរឿងនេះ តែលោកប្រាប់ថា លោកមិនបានសួរនាំរឿង លក់ផ្ទះពីលោក កឹម សុខា ទេ ហើយលោកបានបង្វែរសំណួរឲ្យសួរ មេធាវីលោក កឹម សុខា វិញ ។ ដើមអម្ពិលក៏បានទាក់ទងលោក ចាន់ ចេន មេធាវីម្នាក់ របស់លោក កឹម សុខា លោកក៏តបមក យ៉ាងខ្លីថា មិនបានដឹងរឿងនេះទេ ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវសមត្ថកិច្ច ចូលចាប់ខ្លួន ទាំងកណ្ដាលយប់ នាថ្ងៃ២ឈាន ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងផ្ទះ របស់លោកកំពុងប្រកាសលក់នេះតែម្តង ៕