ព័ត៌មានជាតិ

ពិព័រណ៍ការងារអនឡាញ ធ្វើឡើងដោយភាពបត់បែន ប្រទាក់ក្រឡា ខណៈក្រុមហ៊ុន១០០ ចូលតាំងបង្ហាញ

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ពិព័រណ៍ការងារអនឡាញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ចាបពីថ្ងៃ៤-៥វិច្ឆិកា ត្រូវបានប្រារព្ធឡើង ចំពេលវេលាប្រកប ដោយភាពបត់បែន ប្រទាក់ក្រឡា ។

លោក អ៊ិត សំហេង គូសបញ្ជាក់ ក្នុងឱកាសចូល រួមបើកពិព័រណ៍នេះ នៅថ្ងៃ៤ វិច្ឆិកាថា ពិព័រណ៍ការងារអនឡាញ បានខិតខំរិះរកវិធីកាន់ តែមានប្រសិទ្ធភាព ស្របតាមតម្រូវការ របស់និយោជក និង អ្នកស្វែងរកការងារ ដើម្បីបង្កើតបរិយាកាសប្រកបដោយជីវភាព និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាព ការងារ និងការស្រូបយកកម្លាំង ពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូល ទៅក្នុងឱកាសការងារ ទំនេរគ្រប់វិស័យ។

លោកបន្តថា ពិព័រណ៍ការងារអនឡាញឆ្នាំនេះ មានការចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមហ៊ុន សហគ្រាសនាំមុខគេសំខាន់ៗរួមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ១០០ ដែលបាននាំយកឱកាស ការងារគ្រប់ប្រភេទ ប្រមាណ២ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយជ្រើសរើស កម្លាំងពលកម្ម ។

លោកថា ពិព័រណ៍នេះ បានបង្កបរិយាកាសប្រាស្រ័យ ទាក់ទងគ្នារវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬអ្នកដាក់ពាក្យស្នើសុំការងារ បានពីគ្រប់ទីកន្លែង និងគ្រប់ប្រភេទមុខតំណែង ដោយផ្តល់ឱកាសការងារ នៅមួយកន្លែងងាយស្រួល និងចំណេញពេលវេលា ព្រមទាំងការផ្លាស់ប្តូរព័ត៌មានគ្នា ទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹង ការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបណ្តុះផ្នត់គំនិត យល់ដឹងពីការបង្កើននិងរក្សាផលិតភាព នៅក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩៕

To Top