ថ្ងៃទី១១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Maxime Vivas អ្នកនិពន្ធ អ្នកអត្ថាធិប្បាយនិងជាអ្នកសារព័ត៌មានល្បីឈ្មោះនៃប្រទេស បារាំងបានធ្វើសកម្មភាពដាក់ញតិ្ត តាមរយៈវេបសាយសប្បុរសធម៌ Change ក្នុងញត្តិនេះ លោកបានរៀបរាប់ពីការដែលប៉ុន្មានឆ្នាំកន្លងមកនេះ លោកបានរងការមួលបង្កាច់និងការប្រមាថដោយសារលោកបានវាយតម្លៃប្រទេសចិនដោយសត្យានុម័តនិងយុត្តិធម៌ លោកសូមអំពាវនាវមជ្ឈដ្ឋាននានានៃសហគមន៍អន្តរជាតិឱ្យវាយតម្លៃប្រទេសចិនដោយយុត្តិធម៌ ។
លោក Maxime Vivas ធ្លាប់ទៅសិក្សាស្វែងយល់នៅតំបន់ស៊ីនជាំងប្រទេសចិនពីរលើក ហើយបាននិពន្ធសៀវភៅក្រោមចំណងជើងថា «ទីបញ្ចប់នៃព័ត៌មានក្លែងក្លាយអំពីជនជាតិវៃវូអឺ»ដោយបានប្រើពេល៤ឆ្នាំ ហើយនៅឆ្នាំ២០២០ ទីភ្នាក់ងារបោះពុម្ពផ្សាយមួយនៃប្រទេសបារាំងបានបោះពុម្ពសៀវភៅនេះ ។ ក្នុងសៀវភៅនេះ លោកបានលាតត្រដាងពី ការដែលមូលនិធីប្រជាធិបតេយ្យជាតិអាមេរិក (NED)អង្គការវៃវូអឺសកលនិងអង្គការសង្កេតការណ៍សិទ្ធិមនុស្សបានប្រើប្រាស់វិធីណាខ្លះ ដើម្បីប្រឌិតនិងផ្សព្វផ្សាយពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ។
ក្នុងញត្តិនេះ លោក Maxime Vivas បានរៀបរាប់ពីការវាយប្រហារទៅលើរូបលោកដោយសារសៀវភៅនេះ ។ បច្ចុប្បន្ន មានឥស្សរជនជាង១៥០រូបដែលមកពីគ្រប់មជ្ឈដ្ឋាននិងគ្រប់តំបន់នៅលើពិភពលោកបានស៊ីញ៉េឈ្មោះខ្លួនលើញតិ្តនេះរួចហើយ ។ អ្នកចូលរួមសកម្មភាពស៊ីញ៉េឈ្មោះមកពីប្រទេសចិន បារាំង ប្រ៊ុចសែល ស្វ៊ីស កាណាដានិងលីបង់ជាដើម ដែលជាអ្នកប្រកបអាជីពផ្សេងៗគ្នា ដូចជាវិស័យសង្គមវិជ្ជា សំណង់និងការទូតជាដើម ។
លោក Zheng Ruolin អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចិនរបស់ សកលវិទ្យាល័យFudan និងជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃធនាគារគំនិត Taihe ក៏បានចូលរួមសកម្មភាពស៊ីញ៉េឈ្មោះលើញតិ្តនេះដែរ ។លោកបានថ្លែងថា លោក Maxime Vivas ប្រកាន់ខ្ជាប់ការផ្សាយព័ត៌មានពិតអំពីប្រទេសចិន គឺមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺដើម្បីស្វែងរកការពិត ៕