ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី នឹងបើកភ្ញៀវអន្តរជាតិឡើងវិញ នៅថ្ងៃទី០១ ខែមករា

បរទេស៖ ក្រុមប្រឹក្សារដ្ឋាភិបាលម៉ាឡេស៊ី តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសម៉ាឡេស៊ី នឹងបើកព្រំដែន ទទួលភ្ញៀវអន្តរជាតិឡើងវិញ នៅថ្ងៃទី០១ ខែមករា ស្របពេលដែលប្រទេសនេះ ស្វះស្វែងស្តារឡើងវិញ នូវវិស័យទេសចរណ៍របស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើការបើកឡើងវិញ នូវសេដ្ឋកិច្ចខ្លួនជាបណ្ដើរៗ ស្របពេលដែលអត្រាករណី ឆ្លងមេរោគកូរ៉ូណាបានថយចុះ ដោយសារតែការបង្កើនសន្ទុះ នៃកម្មវិធីចាក់ថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ ហើយយោងតាមស្ថិតិ រដ្ឋាភិបាលម៉ាឡេស៊ី បង្ហាញថា ៣ភាគ៤នៃប្រជាជន៣២លាននាក់ របស់ម៉ាឡេស៊ី គឺបានទទួលការចាក់ថ្នាំវ៉ាក់សាំងហើយ។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ដែលជាប្រធានក្រុមប្រឹក្សា ទទួលបន្ទុកដឹកនាំកម្មវិធីស្តារសេដ្ឋកិច្ចម៉ាឡេស៊ី បាននិយាយប្រាប់អ្នកសារព័ត៌មានថា វិស័យទេសចរណ៍ កំពុងតែងើបប្រសើរឡើងវិញ យឺតជ្រុលហួស ដោយសារគ្មានជនបរទេស និងបានធ្វើការកាត់សម្គាល់ថា ប្រតិបត្តិករត្រូវការពេលវេលា ដើម្បីចាប់ផ្តើមការងារ។

តាមសេចក្តីរាយការណ៍ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ មិនបានធ្វើការបញ្ជាក់ថា ពេលណាដែលកាលបរិច្ឆេទជាក់លាក់ សម្រាប់ការបើកឡើងវិញនេះ នឹងត្រូវបានប្រកាសនោះទេ ប៉ុន្តែបានមានប្រសាសន៍ថា ការសម្រេចចិត្តនឹងនៅត្រូវការ ឲ្យទីភ្នាក់ងារសុខាភិបាល និងសន្តិសុខផ្តល់សេចក្តីលម្អិត៕ ប្រែសម្រួល៖ប៉ាង កុង

To Top