នយោបាយ

Update៖ លោករ៉ុង ឈុន និង កញ្ញា ស កណ្ណិការ នឹងត្រូវដោះលែង ពីពន្ធនាគារ នៅថ្ងៃសុក្រនេះ បន្ទាប់ពីតុលាការឧទ្ធរណ៍ បន្ធូរបន្ថយទោស

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន និងគូកនចំនួន២នាក់ទៀត ក្រោមការចោទប្រកាន់ ពីបទញុះញុង បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ជាប់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា ឆ្នាំ២០២០ ។

សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុកដដែល តែបានបន្ធូរបន្ថយទោសរបស់ពួកគេ ពីជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី២០ខែទៅ២ឆ្នាំ មកនៅត្រឹមតែ ត្រូវជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី១ឆ្នាំ២ខែ៥ថ្ងៃ និង១ឆ្នាំ៣ខែ និង ១១ថ្ងៃវិញ ។ ទោសនៅសេសសល់ គឺត្រូវព្យួរសាកល្បង រយៈពេល៣ឆ្នាំក្នុងម្នាក់ៗ ។

យោងតាមសាលដីការបស់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញខាងលើនេះ, លោករ៉ុង ឈុន និង កញ្ញា ស កណ្ណិកា អាចនឹងត្រូវរួចទោស និងដោះលែងពីពន្ធនាគារ នៅថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែ ឈ្មោះ តុន និមល ត្រូវនៅបន្តជាប់ ក្នុងពន្ធនាគារទៀត ពីព្រោះ គាត់នៅមានសំណុំរឿងព្រហ្មទណ្ឌ មួយផ្សេងទៀត ដែលកំពុងជំនុំាជម្រះ នៅឯសាលាឧទ្ធរណ៍នៅឡើយ។

លោកយន់ ណារ៉ុង ជាចៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា នៅក្នុងអង្គសវនាការថា នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះជនជាប់ ឈ្មោះ រ៉ុង ឈុន អាយុ ៥១ឆ្នាំ អតីតជាគ្រូបង្រៀនឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់២ឆ្នាំ និងពិន័យប្រាក់ចំនួន ២លានរៀល។

ចំណែកឯ ជនជាប់ចោទ២នាក់ទៀត មាន ឈ្មោះ តុល និមល ភេទប្រុស អាយុ ៤០ឆ្នាំ និងឈ្មោះ ស កណ្ណិការ ភេទស្រី អាយុ ៣៧ឆ្នាំ ( ជាគូកន) ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់២០ខែ និងពិន័យប្រាក់ក្នុងម្នាក់ៗ ២លានរៀល។

តុលាការរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យពួកគេទាំង៣នាក់ រួមគ្នាសងថ្លៃសំណងជម្ងឺចិត្ដ ចំនួន ៤០០ លានរៀល (ប្រមាណ ១០ម៉ឺន ដុល្លារអាមេរិក) អោយទៅគណៈកម្មាធិការកម្ពុជា ដែលជាភាគី ដើមបណ្ដឹងនៅតែក្នុងរឿងក្តី។

តែជនជាប់ចោទទាំង៣នាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ រាជធានីភ្នំពេញ មកកាន់ សាលាឧទ្ទរណ៍ ។

លោកចៅក្រមបានន្ថែមថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ” ញុះញង់ឲ្យមានប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បណ្ដាលឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម ” តាមបញ្ញតិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ពួកគេត្រូវបានចាប់ខ្លួនកាលនៅក្មេងអំឡុង ឆ្នាំ២០២០ ជាប់ទាក់ទងនឹង ការចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដោយលោក រ៉ុង ឈុន លើកឡើងថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានភាពមិនប្រក្រតី ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី ទៅភាគីវៀតណាមជាច្រើនរយហិកតា ដែលជាព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត និង ធ្វើឱ្យមហាជនយល់ច្រឡំ ឬ យល់ខុស អំពីការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ជាមួយនឹងប្រទេស ជិតខាង។

នៅពេលសវនាការ, ជនជាប់ចោទទាំង៣ នាក់ ដែលមានវត្តមាននៅក្នុង សវនាការ បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពួកគេ ដូចបទចោទខាងលើ និង ការកាត់ទោសពួកគេអោយមានទោស អំពើសំណាក់លោកចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ។

ពួកគេនិយាយថា នៅក្នុងករណីនេះ គឺ ពួកគាត់ គ្រាន់តែបានបញ្ចេញមតិ ឬ យោបល់ ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញកម្ពុជា និងជាតិ និងច្បាប់អន្តរជាតិ ក្នុងនាមជាពលរដ្ឋដែលមាន សិទ្ធិនិយាយស្តីតែប៉ុណ្ណោះ។ និង មានចេតនាញុះញង់ ឬ ប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។

ពួកគេបានសំណូមពរ ដល់ចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ សូមមេត្តាជួយផ្តល់យុត្តិធម៌, សម្រេចបដិសេធ សាលក្រមរបស់តុលាការ រាជធានីភ្នំពេញ និង ដោះលែងពួកគាត់ អោយមានសេរីភាពឡើងវិញ។

សាលាឧទ្ទរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណើរឿងក្តីនេះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ៕ ដោយ រស្មី អាកាស

To Top