ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងតួកគី ធ្វើកិច្ចពិភាក្សាគ្នា ស្តីពីបញ្ហាស៊ីរី និងលីប៊ី

បរទេស៖កាសែត Vedomosti daily បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សាគ្នាក្នុងទីក្រុងមូស្គូ រវាងគណៈប្រតិភូរដ្ឋាភិបាលតួកគី និងមន្ត្រីការទូតរុស្ស៊ី បានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ គឺយូរជាងការរំពឹងទុក ស្របពេលដែលភាគីទាំងពីរ ព្យាយាមស្វែងរកការសម្របសម្រួលលើបញ្ហាស៊ីរីនិងលីប៊ី។

មន្ត្រីនាំពាក្យប្រធានាធិបតីតួកគី លោក Ibrahim Kalin បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសរុស្ស៊ីនឹងធ្វើការងារ ដើម្បីបញ្ឈប់ការវាយប្រហារនៅក្នុងតំបន់ Idlib ប្រទេសស៊ីរីភាគពាយព្យ បន្ទាប់ពីកិច្ចពិភាក្សាគ្នា ជាមួយគណៈប្រតិភូតួកគី នៅក្នុងទីក្រុងមូស្គូ និងថា ទីក្រុងអង់ការ៉ាបានរំពឹងថា ការសន្យានេះនឹងត្រូវបាន រុស្ស៊ីរក្សាប្រកាន់ខ្ជាប់។

គួរបញ្ជាក់ថា គណៈប្រតិភូតួកគី បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាគ្នា ស្តីពីប្រទេសស៊ីរី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការវាយប្រហារគាំទ្រដោយរុស្ស៊ី នៅទីនោះ កំពុងតែបង្ខំឲ្យមនុស្សរាប់សែននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសតួកគី៕

ប្រែសម្រួល៖ ប៉ាង កុង

To Top