ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង លោក Hwang, Seong Kyu អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានស្វាគមន៍ចំពោះវឌ្ឍនភាព គម្រោងសាកល្បង ស្តីពី ប្រតិបត្តិការទីផ្សារដឹកជញ្ជូនផ្លូវសមុទ្រតែមួយអាស៊ាន (ASSM) ជាពិសេស ការបញ្ចប់ការស្ទង់មតិឯកសារកំពង់ផែ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមថ្នាក់រដ្ឋមន្ដ្រី ស្ដីពី កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-កូរ៉េ លើកទី១២ (12th ATM+ROK) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចេញផ្សាយដោយ ក្រសួងសាធារណការ បានបញ្ជាក់ថា «កិច្ចប្រជុំ បានស្វាគមន៍ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ លើគម្រោងសាកល្បង ស្តីពីប្រតិបត្តិការទីផ្សារដឹកជញ្ជូនផ្លូវសមុទ្រតែមួយអាស៊ាន(ASSM) ជាពិសេសការបញ្ចប់ការស្ទង់មតិឯកសារកំពង់ផែនៅក្នុងកំពង់ផែ គោលដៅចំនួន ៣ គឺ៖ កំពង់ផែ Johor (ម៉ាឡេស៊ី) កំពង់ផែ Davao (ហ្វីលីពីន) និងកំពង់ផែសិង្ហបុរី»។
ជាងនេះទៅទៀត កិច្ចប្រជុំ ទន្ទឹងរង់ចាំលទ្ធផល នៃការវិភាគផលចំណេញ នៃកំពង់ផែគោលដៅទាំង៣ នៅឆ្នាំ២០២២ ហើយបានជំរុញឲ្យប្រទេសជាសមាជិកអាស៊ាន និងកូរ៉េ ពង្រឹងការសម្របសម្រួល ដើម្បីតាមដានអនុសាសន៍ដែលបានពីសិក្សា នៅពេលបន្ទាប់ពីនោះ។
លើសពីនេះទៀត កិច្ចប្រជុំ បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន-កូរ៉េ (AK-ASA) និងបានលើកទឹកចិត្តឲ្យឧត្តមមន្រ្តី និងក្រុមការងារពាក់ព័ន្ធ បន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីបញ្ចប់ AK-ASA ឱ្យបានឆាប់ រួមទាំងការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ប្រកបដោយសេរីភាវូបនីយកម្ម និងមានផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសរវាងនិងក្រៅអាស៊ាន និងកូរ៉េ។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-កូរ៉េ លើកទី១៣ (13th ATM+ROK) នឹងត្រូវរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២២ ខាងមុខ៕