ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនស្រ្តីវ័យចំណាស់ម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ដោយចាក់អសកុល ដុតសម្លាប់ប្តីវ័យអាយុជាង ៨០ឆ្នាំ ខណៈពេលដែលជនរងគ្រោះ កំពុងតែដេកលង់លក់ក្នុងដំណេក បណ្តាលអោយ ឆេះស្លាប់យ៉ាងអាណោចអាធ័ម ជាទីបំផុត នៅក្នុងបន្ទប់ ។
អំពីឃាតកម្មនេះ បានកើតឡើង កាលពីរំលងអាធ្រាត ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលក់ឱសថស្ថានរងមួយកន្លែង ( ផ្ទះរបស់ជនរងគ្រោះ) ស្ថិតក្នុងភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌបានអោយដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ ត្រូវជាប្រពន្ធ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ភៅ ម៉ៅ ភេទ អាយុ៨៤ឆ្នាំ មុខរបរ គ្រូពេទ្យបើកឱសថស្ថានរង (លក់ថ្នាំពេទ្យ) ត្រូវជាប្តី។
ប្តីប្រពន្ធ-តាយាយ-អ្នកទាំងពីរ នេះ មានទៅលំនៅ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្ត្រីសមត្ថកិច្ចឲ្យដឹងថា យោងតាមការស្រាវជ្រាវបឋម, មូលហេតុ នៃ អំពើឃាតកម្មនេះ គឺ បណ្តាលមកពី ជនសង្ស័យខឹងនឹងជនរងគ្រោះ ចេះតែឧស្សាហ៍ឈឺ និង រអ៊ូរទាំច្រើនជាប្រចាំថ្ងៃ ហើយតែងតែជេរប្រមាថ ជនសង្ស័យ ទើបធ្វើអោយជនសង្ស័យខឹងសម្បាក៏ ដុតសម្លាប់ជនរងគ្រោះតែម្តងទៅ ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបាន ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅឯ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាង សំណុំរឿងបព្ចូានទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ រស្មី អាកាស