ព័ត៌មានជាតិ

វ៉ៃខ្នោះស្រ្តីជនជាតិថៃម្នាក់ ករណីដឹកជញ្ជូនគ្រឿងញៀន ជិត២គីឡូក្រាម ឆ្លងដែនចូលកម្ពុជា

ភ្នំពេញ ៖ កងកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បង្ក្រាបករណី ដឹកជញ្ជូនគ្រឿងញៀន ជិត២គីឡូក្រាម ដែលឆ្លងដែនចូលកម្ពុជា ។

កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ច គយ និង រដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរមកដល់) និងដោយមានការ សម្របសម្រួល ពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រ្កាបករណីដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ពីប្រទេសម៉ាលី ឆ្លងកាត់ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា។

សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទកូកាអ៊ីន (COCAINE)ទម្ងន់សុទ្ធ១គីឡូ និង៩៨៩.១ក្រាម (បង្កប់លាក់នៅបាតវ៉ាលី)។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ តាមនីតិវិធី ៕

To Top