ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តកោតសរសើរ ចំពោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចអះអាងថា សុខចិត្តទទួលយក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជៀសជាងសុំយោបល់ពីបរទេស ដែលមានលក្ខណៈ គាបសង្កត់មកលើកម្ពុជា។
សម្តេចបានថ្លែងថា ការមកជួបសម្តេចពេលនេះ មានអ្នកខ្លះពិតជាមើលឃើញថា បក្សទាំង១៦នេះ នឹងមករណបជាមួយ គណបក្សប្រជាជនកម្ពុជា ប៉ុន្តែការគិតរបស់ពួកគេ គឺខុសស្រឡះហើយ ព្រោះគណបក្សកាន់ណាច បានទទួលយកយោបល់ ពីបក្សមិនកាន់អំណាចទាំង១៦នេះ ទៅវិញ នេះគឺជាការឲ្យតម្លៃគ្នាទៅវិញទៅមក ។
សម្តេចតេជោថ្លែងថា “ខ្ញុំសុខចិត្តសុំយោបល់ ពីគណបក្សទាំង១៦ ដែលជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជៀសជាងសុំយោបល់ពីបរទេស នេះជាចំណុចធ្វើការជាមួយគ្នា ។ ទោះបីការបោះឆ្នោត មានការផ្លោងពាក្យសំដីដាក់គ្នាក៏ដោយ ។ ខ្ញុំពេញចិត្ត ចំពោះការទទួលយកយោបល់ទាំងឡាយ ពីឧត្តមក្រុមប្រឹក្សា” ។
សម្តេចបានបន្តថា ជាក់ស្តែងបើគ្មានរបាយការណ៍ ឧត្តមប្រឹក្សានេះ នឹងពិតជាមិនដឹងពីបញ្ហាអសកម្មខ្លះ កើតនៅតំបន់នានានៅកម្ពុជាឡើយ ដូចជាករណីលុបឆ្នេរសមុទ្រ នៅកោះកុងជាដើម ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអះអាងថា ទោះបីជាយ៉ាងណា មិនតម្រូវឲ្យបក្សទាំងអស់នេះ មកចុះចូលជាមួយ បក្សប្រជាជនកម្ពុជាឡើយ នៅពេលបោះឆ្នោតខាងមុខ ហើយពេលនោះ ពួកគេមានសិទ្ធិធ្វើការផ្សព្វផ្សាយ ក្នុងការទាក់ទាញសំលេងឆ្នោត ៕