ភ្នំពេញ៖ ក្នុងជួបសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃទី១៨ វិច្ឆកានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានពិភាក្សាយ៉ាងច្រើន ពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ ក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកវិធីសាស្រ្តដោះស្រាយវិបត្តិ ដោយសន្តិវិធី ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងជំនួបនោះដែរលោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលបានបន្តជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជា និងផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីត-១៩ រួមទាំងតាមរយៈការ ផ្តល់ឧបករណ៍ពេទ្យ និងវ៉ាក់សាំង។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះការរីកលូតលាស់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ហើយបានឯកភាពគ្នាថា ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់ សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងផ្លូវការរវាងប្រជាជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យនានា នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមានការអភិវឌ្ឍកំពង់ផែ សមុទ្រក្រុងព្រះសីហនុ ការសម្រួលដល់ការ ផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ក្នុងវិស័យនយោបាយ-សន្តិសុខ លោក HAYASHI Yoshimasa បានកោតសរសើរចំពោះ ការរួមចំណែករបស់កម្ពុជាក្នុងការរួមចំណែក ដល់ថែរក្សាសន្តិភាពអន្តរជាតិ និងបានសន្យាថា នឹងគាំទ្រកម្ពុជាបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រ លើការកសាងសមត្ថភាពដល់កងរក្សាសន្តិភាពរបស់កម្ពុជា និងបានយល់ស្របជាមួយលោក HAYASHI Yoshimasa ថា ប្រទេសទាំងពីរគួរបន្តដំណើរការផ្លាស់ប្តូរ ទស្សនកិច្ចឡើងវិញ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការពិគ្រោះ យោបល់កម្រិតខ្ពស់ និងសកម្ម ដែលកំពុងបន្តអនុវត្តរវាង ក្រសួងការបរទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការលើការកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះជំនួយរបស់ជប៉ុន និងការអះអាងគាំទ្រឲ្យបាន ជោគជ័យនូវតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន។
លោក ប្រាក់ សុខុន និងលោក HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពី ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា “អាស៊ានមានតួនាទីសំខាន់ ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរក វិធីសាស្រ្តដោះស្រាយ វិបត្តិដោយសន្តិវិធី ហើយការព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច ដែលបានសម្រេចនៅក្នុង កិច្ចប្រជុំមេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១គួរតែត្រូវបានអនុវត្តឲ្យបានពេញលេញ ដោយគ្មានការពន្យារ ពេលយូរតទៀត” ។
លោក HAYASHI Yoshimasa ក៏បានជូនពរឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និង ក្នុងការដឹកនាំដំណើរការ អាស៊ាននៅឆ្នាំ២០២២ ៕