ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស “ក្នុងន័យខ្លាំងបំផុត” លើសកម្មភាពរបស់នាវាឆ្មាំសមុទ្រចិន ចំនួន៣គ្រឿង ដែលខ្លួនបាននិយាយថា បានរារាំង និងប្រើប្រាស់កាណុងបាញ់ទឹក លើទូកផ្គត់ផ្គង់ដែលធ្វើដំណើរ ឆ្ពោះទៅកាន់ដែនកោះ ដែលកាន់កាប់ដោយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ។
លោក Teodoro Locsin រដ្ឋមន្ត្រីការបរទេស បានឲ្យដឹងថា គ្មានអ្នកណាម្នាក់រងរបួស ក្នុងអំឡុងពេលឧប្បត្តិហេតុកាល ពីថ្ងៃអង្គារនៅឯ Second Thomas Shoal ប៉ុន្តែកប៉ាល់ហ្វីលីពីន ដែលកំពុងដឹកជញ្ជូនអាហារ ដល់បុគ្គលិកយោធា ដែលមានមូលដ្ឋាន នៅទីនោះត្រូវលុបចោល បេសកកម្មរបស់ពួកគេវិញ ។
លោក Locsin បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិន មិនមានសិទ្ធិអនុវត្តច្បាប់នៅក្នុង និងជុំវិញតំបន់ទាំងនេះទេ។ ពួកគេត្រូវតែយកចិត្តទុកដាក់ និងដកថយ” ដោយរំឭកប្រទេសចិន ថា នាវាសាធារណៈត្រូវបានគ្របដណ្តប់ដោយសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ហ្វីលីពីន-សហរដ្ឋអាមេរិក ។
លោក Locsin បានលើកឡើងថា លោកបានបញ្ជូន “ក្នុងន័យខ្លាំងបំផុត” ទៅកាន់ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល “ការខឹងសម្បារ ការថ្កោលទោស និងការតវ៉ារបស់យើងចំពោះឧប្បត្តិហេតុ” ។
ស្ថានទូតចិន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងាររ៉យទ័រនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា