ព័ត៌មានជាតិ

រដ្ឋសភា នឹងបោះឆ្នោតជ្រើសតាំងលោក ជាម យៀប អនុប្រធាន ទី១សភា ជំនួសលោក ងួន ញ៉ិល នៅថ្ងៃ២៥ វិច្ឆិកា

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ធ្វើជាអនុប្រធានទី១ រដ្ឋសភា ជំនួសលោក ងួន ញ៉ិលទទួលមរណភាព នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន ក្នុងនោះបានកំ ណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយមានរបៀបវារៈចំនួន៦ ។

របៀបវារៈទាំង៦នោះរួមមាន ៖១- ការសម្រេចពីសុពលភាពនៃអាណត្តិរបស់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសលោក ងួន ញ៉ិល បានទទួលមរណភាព។ ២- ការបោះឆ្នោតជ្រើសតំាងលោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។ ៣- ការបោះឆ្នោតជ្រើសតំាង លោក ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ ៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និង៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕ សំណាង

To Top