ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើគ្មានរដ្ឋប្រហារឆ្នាំ៧០ ហើយទុកឲ្យព្រះបរមរតនកោដ្ឋ ដឹកនាំមិនដឹងកម្ពុជារីកចម្រើនដល់ណាទេ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយទុកឲ្យសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋដឹកនាំប្រទេស មិនដឹងថា កម្ពុជារីកចម្រើនដល់ណាហើយទេ ។

ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ វិច្ឆិកា សម្ដេចតេជោមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ន មិត្តចិន បានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានប្រវែងសរុបជាង៣ពាន់គីឡូម៉ែត្រហើយ ខណៈកម្ពុជា នៅមានគម្រោងជាច្រើនទៀតដែលគាំទ្រថវិកាដោយចិន ។

សម្ដេចតេជោបញ្ជាក់ថា នយោបាយអាទិភាពរបស់សម្តេច គឺធ្វើយ៉ាងណាឲ្យប្រជាជនមានផ្លូវដើរ មានស្ពានឆ្លង មានមន្ទីរពេទ្យ និងមានសាលារៀន ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ដែលនាំមកនូវការកើតសង្គ្រាម នៅក្នុងប្រទេសរបស់យើង បន្ទាប់ទៅរបបប្រល័យពូជសាសន៍ ប៉ុលពត ប៉ុន្តែរបបប្រល័យពូជសាសន៍ ប៉ុលពត វាចាប់ផ្ដើមពីរដ្ឋប្រហារថ្ងៃ១៨ មីនា ១៩៧០ ផ្ដួលរំលំព្រះករុណាបិតា សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ។ បើសិនពេលនោះកុំមានរដ្ឋប្រហារ ហើយទុកឲ្យព្រះអង្គដឹកនាំ ប្រទេសរបស់យើងមិនដឹងថា រីកចម្រើនដល់ណាហើយទេ ។ នេះយើងទើបតែរើបំរះក្រោយ របបប្រល័យពូជសាសន៍ ប៉ុលពត» ។

សម្ដេចបន្តថា ពេលនោះចាប់ផ្ដើមមានផ្លូវ មានស្ពានដែលកសាងដោយកម្លាំងខ្លួនឯង រួមជាមួយជំនួយខ្លះ ប៉ុន្តែស្ពានជ្រោយចង្វារ ស្ពានព្រះមុនីវង្ស គឺព្រះបរមរតនកោដ្ឋ កសាងខ្លួនឯង និងមានសាកលវិទ្យា វិទ្យាល័យ រហូតដល់ស្តាត់អូឡាំពិក កសាងដោយខ្លួនឯង ។ សម្ដេចថា សមត្ថភាពកសាង នាសម័យសង្គមរាស្ត្រនិយម គឺអស្ចារ្យណាស់ទៅហើយ ។

សម្ដេចបន្ថែមថា ក្នុងនាមជាកូនចៅជំនាន់ក្រោយ សុទ្ធតែជាអ្នកទទួលផលពីសមិទ្ធផលនានា ក្នុងសម័យសង្គមរាស្ត្រនិយមដែលមិនត្រូវភ្លេចករណីនេះទេ ។ សម្ដេចថា ឯករាជ្យពីឆ្នាំ១៩៥៣ ប៉ុន្តែការកសាងពិតប្រាកដ ទើបតែចាប់ផ្ដើមចេញដំណើរពីឆ្នាំ១៩៥៥ នៅពេលដែលការបោះឆ្នោត ក្រោមកិច្ចព្រមព្រៀងទីក្រុងសឺណែវ មានអ្នកមកត្រួតពិនិត្យដូចជាឥណ្ឌា ប៉ូឡូញ… ហើយកសាងបានពីដំណាក់កាលនោះប៉ុណ្ណឹង គឺចាត់ទុកថាគ្រាន់បើហើយ ។

សម្ដេចគូសបញ្ជាក់ថា បើសិនជាទុកលទ្ធភាពថ្វាយ ព្រះបរមរតនកោដ្ឋ ហើយកុំមានសង្គ្រាមបំផ្លាញ មកដល់ពេលនេះ ព្រះអង្គនឹងអភិវឌ្ឍន៍ពីទីតាំងមួយ ទៅទីតាំងមួយដូចតែគ្នាទេ ។

សម្តេចតេជោបន្តទៀតថា សង្គ្រាមនៅកម្ពុជា វាយបំផ្លាញតែស្ពាន ខុសពីសង្គ្រាមនៅវៀតណាម អត់មានវាយបំផ្លាញស្ពានទេ ។ សម្តេចថា រឿងនេះវាហួសទៅហើយ តែខិតខំយកជីវិតជាដើមទុន ដើម្បីរំដោះប្រទេស យកជីវិតជាដើមទុន ដើម្បីសន្តិភាពដែលនាំឲ្យកម្ពុជា បិទបញ្ចប់ភ្លើងសង្គ្រាម និងមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ៕

To Top