ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ទំហំសេដ្ឋកិច្ចរវាង កម្ពុជា-វៀតណាម កើនឡើងគួរឲ្យកត់សម្គាល់ ។
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍ នៅក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បានកើនឡើងគួរឲ្យកត់សម្គាល់»។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានលើកទឹកចិត្ត ឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្ត ទុកដាក់ជំរុញ ពាណិជ្ជកម្មរវាងប្រទេស ទាំងពីរឲ្យកាន់តែមានការរីក ធំធាត់ថែមទៀត ។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំ កិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំង សត្វល្អិតចង្រៃជាដើម។
ជាងនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា ជំរុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។
នាឱកាសនោះ លោ កឯកអគ្គរដ្ឋទូតវៀតណាមថ្មី បានសន្យាចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មការទូត នៅកម្ពុជា លោកនឹងខិតខំប្រឹង ប្រែង អស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជា ឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ៕