ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានរៀបគម្រោង ជួលមេធាវីអាមេកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិ អាមេរិក ពីប្រជាពលរដ្ឋ ខ្មែរគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា លោក សម រង្ស៊ីកំពុងបំផ្លាញក្តីសុខ របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើទឹកដី សហរដ្ឋអាមេរិកហើយ ។
លោក គិន ភា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ២៥ វិច្ឆិកា ថា “ការលើកឡើងរបស់លោក សម រង្ស៊ីគឺជានយោបាយបំផ្លាញក្តីសុខ របស់ប្រជាពលរដ្ឋខ្លួនឯង ។ បើសកម្មភាពនេះវាកើតឡើងមែន គឺ លោក សម រង្ស៊ី កំពុងតែកកូរកកាយ កំពុងតែបំផ្លាញក្តីសេចក្តីសុខ របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើទឹក សហរដ្ឋអាមេរិក” ។
លោកថា ម្យ៉ាងទៀត ក៏ជាការបំបែកបំបាកសាមគ្គីភាព របស់ពលរដ្ឋខ្មែរ ដែលម្ខាងគាំទ្រ និងប្រឆាំងរាជរដ្ឋាភិបាលខ្មែរ ។ អាចនិយាយជារួមបានថា លោក សម រង្ស៊ីអាចធ្វើឲ្យបែកបាក់ជាតិ ។
តែទោះបីជាយ៉ាងណាក៏ដោយ លោកមានជំនឿថា គម្រោងរបស់លោក សម រង្ស៊ីនោះ មិនមានប្រសិទ្ធភាពទេ។
លោក គិន ភា ក៏បានដៀមដាមឲ្យលោក សម រង្ស៊ីទៀតថា ជានិច្ចជាកាលនយោបាយ របស់លោក សម រង្ស៊ី តែងតែបង្កប់ទៅដោយកលល្បិចពិសពុល ក្នុងគោលបំណងបំបែកបំបាកជាតិ ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ២៤ វិច្ឆិកា បានលើកឡើងថា “ក្នុងនាមជាអតីតប្រធាន នៃអតីតគណបក្ស សង្គ្រោះជាតិ កំពុងពិនិត្យលទ្ធភាព ពឹងពាក់ ឬជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក ដកហូតសញ្ជាតិ ពីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលបានទទួលសញ្ជាតិ អាមេរិកាំងជាសញ្ជាតិទី២” ។
លោកបង្ហាញមូលហេតុ ការដកហូតសញ្ជាតិនេះ ដោយសារ គណបក្ស ប្រជាជនកម្ពុជា មានលក្ខណៈជាគណបក្សផ្តាច់ការ ដូចគណបក្សកុម្មុយនីស្ត ដែលសហរដ្ឋអាមេរិកប្រឆាំងដាច់ខាត ។ គណបក្សប្រជាជន កម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន បាននាំប្រទេសកម្ពុជា ឲ្យបម្រើផលប្រយោជន៍ប្រទេសចិន កុម្មុយនីស្តដែលមានអាកប្បកិរិយា ចាត់ទុកអាមេរិកជាសត្រូវ៕