សកម្មភាព អបអរសាទរការរាប់ថយក្រោយ ១០០ថ្ងៃ នៃការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ (Beijing2022 ) បានធ្វើឡើង នៅមជ្ឈមណ្ឌលកីឡា ហែលទឹកជាតិចិន ដែលស្ថិតនៅទីក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ផែនការរត់បណ្តាក់ភ្លើង គប់កីឡាប៉ារ៉ាឡាំពិក ក៏បានប្រកាស ក្នុងឱកាសនេះផងដែរ ។
លោក Cai Qi ប្រធានគណៈកម្មាធិការរៀបចំ ព្រឹត្តិការណ៍ Beijing2022បានថ្លែងថា ការប្រកួតកីឡា អូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ជាសកម្មភាព សំខាន់ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រ របស់ប្រទេសចិន ។ យើងបានប្រកាន់ខ្ជាប់ ទស្សនៈរៀបចំការប្រកួត បែបបៃតង ចែករំលែក បើកទូលាយ ស្អាតស្អំ ដោយគ្រប់ជ្រុង ជ្រោយ សង្គមទាំងមូល របស់ចិន បានរួមគ្នា ចែករំលែកពីជីវភាព កាន់តែល្អបវរ និងកាន់តែមានសុភមង្គល ។ បច្ចុប្បន្ននេះ ការងារត្រៀមរៀបចំ គ្រប់ផ្នែក សម្រេចហើយ ។
មានជនពិការចិនចំនួន ២៤២៨ នាក់ បានចុះឈ្មោះចូលរួមការជ្រើសរើស អ្នកស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក Beijing2022 ។ បន្ទាប់ពីការប្រឡង និងវគ្គបណ្តុះបណ្តាល ដ៏តឹងរ៉ឹង មានជនពិការ ចំនួន ១៩ នាក់ បានក្លាយជាអ្នកស្ម័គ្រចិត្ត ក្នុងចំណោមនោះអ្នកមានវ័យ ក្មេងជាងគេ គឺមានអាយុ ១៩ ឆ្នាំ ឯអ្នកមានវ័យចំណាស់ជាងគេគឺ ៦៣ ឆ្នាំ ។
សម្រាប់ការរត់បណ្តាក់ភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក Beijing2022 នឹងធ្វើឡើងពីថ្ងៃទី២ ដល់ទី៤ ខែមីនា ឆ្នាំ២០២២ នៅទីតាំងប្រកួតទាំងបី គឺ ប៉េកាំង -យេន ឈីង-ហ្សាំងចាខូវ អ្នករត់បណ្តាក់ភ្លើងគប់ មានចំនួនប្រហែល ៦០០ នាក់។ ឯប្រធានបទ នៃការរត់បណ្តាក់ភ្លើងគប់គឺ “ស្វាគមន៍ ការណាត់គ្នា ជាមួយកីឡាទឹកកក ឆ្ពោះទៅ កាន់អនាគតល្អបវរ ” ក្នុងបំណងលើក ទឹកចិត្តជនពិការ ទូទាំងពិភពលោក ឱ្យហាត់ប្រាណថែទាំសុខភាពឱ្យល្អ ដើម្បីរួមចំណែកក្នុងការ ទប់ទល់នឹងជំងឺឆ្លង ។
ដោយឡែក ក្នុង សកម្មភាពនេះ ក៏បានសំដែងស្នាដៃតន្ត្រីល្អៗ អំពីប្រធានបទកីឡាប៉ារ៉ាឡាំពិក ដូចជាចម្រៀងបទ «បំភ្លឺក្តីសុបិន» «ធ្វើគារវកិច្ច ចំពោះអ្នកក្លាហាន» «ក្នុងព្រឹលទឹកកកដ៏ ស្រស់ស្អាត»ជាដើម ។
តាមការលើកឡើង របស់សហព័ន្ធជនពិការចិន បានឱ្យដឹងថា កីឡាករកីឡាការិនីជនពិការចិន កំពុងខិតខំហ្វឹកហាត់ ពេញមួយឆ្នាំមកមិន ដែលផ្អាកការហ្វឹកហាត់នោះទេ ហើយសមត្ថភាព ប្រកួតប្រជែង បានត្រូវលើកកម្ពស់រហូត ក្នុងនោះ ក្រុមកីឡាហុកគី លើទឹកកកប៉ារ៉ាឡាំពិក ក្រុមកីឡា curling ជិះរទេះរុញរបស់ចិន ដណ្តើមបានសិទ្ធិចូល រួមការ ប្រកួតហើយ ។ ការចូលរួមលេងកីឡាទឹកកក បានផ្តល់វិធីថ្មីដល់ជនពិការចិន ចំនួនរាប់រយលាននាក់ ដើម្បីស្វែង រកបែបផែនជីវិតថ្មីតាមរយៈកីឡា ។
សូមបញ្ជាក់ថា ប្រទេសចិនទទួលបានសិទ្ធិរៀបចំ ធ្វើព្រិត្តិការណ៍ កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងាឆ្នាំ ២០២២ កាលពីឆ្នាំ២០១៥។ ចាប់ពីពេលនោះមក ជនពិការចិនចំនួនកាន់ តែច្រើនឡើងៗ បានចូលរួមលេងកីឡារដូវរងា ។ ចិនបានធ្វើសកម្មភាព រដូវកាលកីឡាទឹកកក សម្រាប់ជនពិការទូទាំងប្រទេសរយៈពេល ៥ ឆ្នាំជាប់ ក្នុងអំឡុងពេលនោះ គ្រប់ទីកន្លែងបានធ្វើសកម្មភាព ខុសៗគ្នាដូចជា ការប្រកួតកីឡា ការដកបទពិសោធន៍ផ្ទាល់ លើវិញ្ញាសាកីឡាប៉ារ៉ាឡាំពិករដូវរងា និងពិព័រណ៍សម្ភារកីឡាប៉ារ៉ា ឡាំពិក រដូវរងាជាដើម ដើម្បីជួយបងប្អូនជនពិការ កាន់តែច្រើនឡើងៗ ឱ្យចូលរួមលេងកីឡាទឹកកក ដោយសប្បាយរីករាយ ៕