ព័ត៌មានជាតិ

ធនាគារជាតិ ប្រាប់ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ ត្រូវ ដោះស្រាយភាពរអាក់អួលផ្នែកបច្ចេកទេស ក្នុងរយៈពេល ២ម៉ោងយ៉ាងយូរ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវដោះស្រាយរាល់ភាពរអាក់អួលផ្នែកបច្ចេកទេស ក្នុងរយៈពេល ២ម៉ោងយ៉ាងយូរ។ ការលើកឡើងរបស់ ធនាគារជាតិ បន្ទាប់ពីប្រព័ន្ធបច្ចេកទេស ធនាគារ ABA ជួបបញ្ហារអាក់រអួលផ្នែក បច្ចេកទេស ក្នុង រយៈពេល យូរបង្ក ផល វិបាក ដល់អតិថិជន ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៥ វិច្ឆិកា បាន ឱ្យ ដឹង ថា ហេតុការណ៍នេះ ធ្វើឲ្យមានបញ្ហារអាក់រអួល និងផលវិបាកដល់សាធារណជន ក្នុងការបើប្រាស់សេវាធនាគាររបស់ធនាគារ ABA។ ធនាគារជាតិ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារ ដើម្បីជំរុញការដោះស្រាយឲ្យដំណើរការឡើងវិញបានឆាប់រហ័ស។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «សូមក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹង ស្តីពី ការដាក់ឲ្យអនុវត្តគោល ការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវឲ្យ គ្រឹះស្ថាននីមួយៗ ត្រូវដោះស្រាយរាល់ភាពរអាក់រអួលផ្នែកបច្ចេកទេស ក្នុងរយៈពេល ២ម៉ោងយ៉ាងយូរ។ ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជា នឹងស្វែងយល់បន្ថែមទៀតអំពីប្រភព នៃបញ្ហានេះហើយ នឹងចាត់វិធានការតាមនីតិវិធី»។

ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់សាធារណជនបន្តប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់៕

To Top