បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍នៅពេលថ្មីៗ នេះថា សហភាពអឺរ៉ុប ត្រូវតែត្រៀមរៀបចំធ្វើការ ដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេស រុស្ស៊ី ប្រសិនបើស្ថានភាព នៅខាងក្នុងនិងជុំវិញប្រទេស អ៊ុយក្រែន ភាគខាងកើត ឬក៏នៅតាមព្រំដែន បេឡារុស និង ប៉ូឡូញ កើនកម្តៅខ្លាំងឡើង ។
ថ្លែងនៅក្នុងសហសន្និសីទ កាសែតមួយ ក្នុងទីក្រុងប៊ែកឡាំង ជាមួយប្រធានាធិបតី ប៉ូឡូញ លោក Mateusz Morawiecki នោះ លោកស្រីអធិការបតី អាល្លឺម៉ង់រូបនេះ បានមានប្រសាសន៍ ថា សហភាពអឺរ៉ុប ត្រូវតែរួបរួមគ្នាលើបញ្ហាការ ប្រើប្រាស់ជន អន្តោប្រវេសន៍ ជាអាវុធរបស់បេឡារុស ប្រឆាំងនឹងប៉ូឡូញ និងការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី នៅជិតព្រំដែនជាប់អ៊ុយក្រែន ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nasdaq នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការឈ្លានពានបន្ថែមទៀត ណាមួយ ទៅលើអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន នឹងនាំឲ្យមានការសងតម្លៃដ៏ខ្ពស់” ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទាំងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានប្រារព្ធធ្វើសមយុទ្ធយោធា ក្រោយភាពតានតឹងកើនឡើង រវាងទីក្រុងគៀវនិងទីក្រុងមូស្គូ ស្របពេលដែលជនអន្តោប្រវេសន៍មកពីតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត កំពុងជាប់គាំងនៅតាមព្រំដែន ភាគខាងកើត របស់សហភាពអឺរ៉ុប ជាអ្វីដែលអឺរ៉ុបនិយាយថា ជាវិបត្តិបង្កើតឡើង ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ៕ ប្រែសម្រួល៖ប៉ាង កុង