ប៉េកាំង៖ ចិន ជំរុញឲ្យជប៉ុន ពិចារណាលើការធ្វើពហិការ ការទូតនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើង នៅខែកុម្ភៈខាងមុខ ដោយលើកឡើងថា គ្មានតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមព្រឹត្តិការណ៍ កីឡាពិភពលោកនោះទេ។
ការធ្វើពហិការ ដែលនឹងមិនប៉ះពាល់ដល់ការ ចូលរួមរបស់អត្តពលិកអាមេរិក ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការ ចោទប្រកាន់ប្រទេសចិន ទៅលើការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងជនជាតិមូស្លីមអ៊ុយហ្គ័រ នៅក្នុងតំបន់ ស៊ីនជាំង ភាគខាងលិចរបស់ខ្លួន ដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ស្លាកថាជា “អំពើប្រល័យពូជសាសន៍”។
កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Sydney Morning Herald ក៏បានរាយការណ៍ផងដែរថា ប្រទេសអូស្ត្រាលី កំពុងពិចារណាលើការ ធ្វើពហិការការទូតនៃព្រឹត្តិការណ៍ Beijing Games ចំពេលមានការព្រួយបារម្ភ ចំពោះសុខុមាលភាពរបស់ តារាវាយកូនបាល់ចិនលោកស្រី Peng Shuai ដែលបានអះអាងថា នាងមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយអតីតឧបនាយករដ្ឋមន្ត្រី។
អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានលើកឡើងថា ប្រទេសចិន “ប្រឆាំងយ៉ាងម៉ឺងម៉ាត់” ចំពោះកីឡា ដែលមាននិន្នាការនយោបាយ របស់ប្រទេសជប៉ុន ដោយបន្ថែមថា ប្រជាជាតិអាស៊ីទាំងពីរគួរតែមាន “ការឯកភាពដ៏សំខាន់លើការ គាំទ្រគ្នាទៅវិញទៅមក សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អូឡាំពិក” ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ដែលពីមុនដឹកនាំក្រុម សមាជិកសភាឆ្លងបក្ស ដែលលើកកម្ពស់ទំនាក់ទំនងជប៉ុន-ចិន បានលើកឡើងថា គ្មានអ្វីត្រូវបានសម្រេចនៅពេលនេះ លើការធ្វើពហិការការទូត នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉េកាំងនោះទេ ៕
ដោយ ឈូក បូរ៉ា