គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា ជាមួយប្រទេសរុស្ស៊ី អំពីវិបត្តិតំបន់ Donbas ។
លោក Zelensky បានឲ្យដឹងក្នុងអំឡុងការរត់ម៉ារ៉ាតុង សារព័ត៌មានថា “ពួកយើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនា។ ប្រសិនបើអ្នកមិនចង់ជួបទេ ចូរយើងនិយាយទូរស័ព្ទ” ។
លោក Zelensky បានឲ្យដឹងថា អ៊ុយក្រែនត្រូវបានរៀបចំ ដើម្បីដោះស្រាយជម្លោះតំបន់ Donbas មិនត្រឹមតែក្នុងក្របខ័ណ្ឌនៃទម្រង់ Normandy ប៉ុណ្ណោះទេ ប៉ុន្តែក៏មានទម្រង់ស្របគ្នាមួយទៀតជាមួយនឹងការចូលរួមពីសហរដ្ឋអាមេរិកផងដែរ។
លោកបានសង្កត់ធ្ងន់ថា ក្រុងកៀវមានឆន្ទៈក្នុងការ ស្វែងរកដំណោះស្រាយ ការទូតចំពោះវិបត្តិ។ ជម្លោះនៅភាគខាងកើតអ៊ុយក្រែន បានផ្ទុះឡើងតាំងពីខែមេសា ឆ្នាំ២០១៤ ដោយបានឆក់យកជីវិតមនុស្សប្រមាណ ១៤,០០០នាក់។
នៅខែមិថុនា ឆ្នាំ២០១៤ ទម្រង់ Normandy ដែលត្រូវបានគេស្គាល់ថា ជាក្រុមទំនាក់ទំនង Normandy ដែលមានអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំង ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយជម្លោះ។
ទំនាក់ទំនងរវាងទីក្រុងគៀវ និងទីក្រុងមូស្គូបាននឹងកំពុងធ្លាក់ចុះ ចាប់តាំងពីដើមឆ្នាំ២០១៤ មក ជុំវិញជំហរផ្សេងគ្នារបស់ពួកគេ លើការវិវត្តនៅ Donbas និង Crimea៕ ដោយ ឈូក បូរ៉ា