ភ្នំពេញ ៖ ក្រោយមានបទបញ្ជាក្តៅៗពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រុមមន្រ្តីជាន់ខ្ពស់របស់កម្ពុជានៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបើកកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប។
កិច្ចប្រជុំបន្ទាន់នេះ ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ នេះបើយោងតាមបណ្តាញហ្វេសប៊ុកលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នាយប់ថ្ងៃ២៨ វិច្ឆិកា ។
ការបើកកិច្ចប្រជុំជាបន្ទាន់នេះ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាឲ្យចាប់ខ្លួននិងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ។ ការបញ្ជានេះ ដោយសារសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទទួលរបាយការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។
ក្នុងនោះ តាមរយៈសារជាសំឡេងរបស់សម្តេចតេជោ នារសៀលថ្ងៃ២៨ វិច្ឆិកា បញ្ជាភ្លាមៗឲ្យលោក ជា សុផារ៉ា ត្រូវធ្វើកិច្ចការងារទាំងនេះបន្ទាន់ ដើម្បីបែងចែកភារកិច្ចគ្នា ព្រោះក្រសួងធនធានទឹក និងអាជ្ញាធរ បានបោះព្រំដី ដែលបានកំណត់តំបន់ត្រូវការពារ ដែលគ្មាននរណាមួយប៉ះពាល់បានឡើយ។
សម្ដេចតេជោ ក៏បានបញ្ជាឲ្យ លោក សៅ សុខា ត្រូវដឹកនាំកម្លាំងជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាដីព្រៃលិចទឹក ក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់គ្រប់មធ្យាបាយ។
ជាមួយគ្នានោះ សម្ដេចតេជោ បានណែនាំដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវធ្វើការជាមួយអ្នកពាក់ព័ន្ធខាងលើនេះ ឲ្យបានត្រឹមត្រូវបំផុត។
សម្រាប់លោមឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សម្តេចបានកំណត់ឲ្យដឹកនាំដើម្បីចុះស្រាវជ្រាវ រកមន្ដ្រីដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសទាំងអស់ ៕