ព័ត៌មានជាតិ

ព្រៃលិចទឹក នៅតំបន់២ និងតំបន់៣ ក្នុងស្រុកមោងឫស្សី រាប់ពាន់ហិកតា រងការកាប់ទន្ទ្រាន ពីជនខិលខូច

ភ្នំពេញ៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់ពាន់ហិកតា បានរងការកាប់បំផ្លាញឥតឈប់ឈរ ទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ។

ក្រោយពីមានបទបញ្ជា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឱ្យធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដី នៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នោះប្រជាពលរដ្ឋបានសម្ដែង ការសាទរយ៉ាងពេញទំហឹង និងសូមស្នើទៅកាន់គណៈកម្មាធិការថ្នាក់ជាតិ មេត្តាចុះពិនិត្យមើល និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាផង ព្រោះរាល់ថ្ងៃនេះ តំបន់ព្រៃលិចទឹកមួយ ភាគធំមានតែឈ្មោះ ប៉ុន្តែគ្មានរូបរាងឡើយ។

ពលរដ្ឋរស់នៅជិតតំបន់ព្រៃលិចទឹក កំពុងរងការកាប់ទន្ទ្រាន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី បានលើកឡើងថា ព្រៃលិចទឹកជាច្រើនចំណុច ត្រូវជនខិលខូចមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ត្រាក់ទ័រ ធ្វើការឈូសឆាយ ជាហូរហែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាយប់មិនថាថ្ងៃ និងបានប្រើប្រាស់សកម្មភាព បំភាន់ភ្នែកអាជ្ញាធរ តាមរូបភាពផ្សេងៗ ។

ពលរដ្ឋបានបន្តថា ដោយរូបភាព បំភាន់ផ្នែកនោះ គឺពួកគេបានធ្វើការឈូសឆាយ ភ្ជួររាស់ដីព្រៃបណ្ដើរ ហើយធ្វើការ ព្រោះស្រូវបណ្ដើរ ធ្វើដូចជាខ្លួនបានអាស្រ័យផល លើដីនោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែការពិត គឺជាដីព្រៃថ្មី មិនធ្លាប់អាស្រ័យផលសោះ ។

ប្រភពបានបន្ថែមថា សម្រាប់ចំណុចត្រូវជនទាំងអស់នោះ កំពុងកាប់ទន្ទ្រានជាបន្តបន្ទាប់ មាននៅបឹងកំភ្លាញក្នុង បឹងកំភ្លាញក្រៅ អូរចុងតាចាន់ ខ្ទមតូច រាងអង្ក្រង បឹងបណ្ដែតគល់ បឹងទឹកល្អក់ បឹងទឹកថ្លាជាដើម ហើយតំបន់ទាំងនោះខ្លះស្ថិតក្នុងភូមិអង្គ្រង និងខ្លះនៅភូមិដូនទ្រី ។

ប្រភពដដែលបន្ថែមថាជនខិលខូចដែលកំពុងកាប់ទន្ទ្រានដីព្រៃលិចទឹកនោះត្រូវបានគេស្គាល់ថាមានឈ្មោះ ឃឿត ជាអ្នកចាំទិញដីដែលបានឈូសឆាយរួច , ឈ្មោះ ដាង សាវ៉េត មន្រ្តីយោធាស្រុក , ឈ្មោះ សែម បូរ ប្រធានសហគមន៍ដូនទ្រី , ឈ្មោះ ម៉ូត ឌី ,ម៉ូត ស្រី, ម៉ូត ឆើត , ឈ្មោះ ចៀវ , ឈ្មោះ ឈុំ រៀន ជាប្រជាពលរដ្ឋរស់នៅភូមិដូនទ្រី និងមានមន្រ្តី សាលាស្រុកមោង មន្រ្តីប៉េអឹមស្រុក និងយោធាស្រុក មួយចំនួនទៀតផងដែរ ។

បើតាមរបាយការណ៍របស់ លោក ទេព ហន អភិបាលស្រុកមោងឫស្សី ផ្ញើជូនអភិបាលខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២០ បានបញ្ជាក់ថា ដីព្រៃលិចទឹកក្នុងតំបន់៣ ក្នុងមូលដ្ឋានស្រុកមោងឫស្សីមានជាង២ពាន់ហិកតា ត្រូវបានជនខិលខូចទន្ទ្រានកាន់ ។

ជាមួយគ្នានោះ ព្រៃលិចទឹកនៅក្នុងតំបន់៣ ប្រមាណជាង១០០០ហិកតា នៅចំណុចក្រពើស្គម ស្ថិតក្នុងភូមិព្រែកចាស់ ឃុំព្រែកចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក៏ត្រូវបានពួកជនខិលខូចលួចឈូសឆាយកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា ការលួចកាប់ទន្ទ្រានដី កាន់កាប់ព្រៃលិចទឹកក្នុងមូលដ្ឋាន ខេត្តបាត់ដំបង នេះមិនមែនកើតមានតែនៅស្រុកមោងឫស្សីនោះទេ គឺកើតឡើងនៅស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោលផងដែរ ៕

To Top