ព័ត៌មានជាតិ

កុំចេះតែព្រហើន! យុវជនដែលជេរប្រមាថ និងគម្រាមវ៉ៃ នគរបាលចរណ៍ ត្រូវតំណាងអយ្យការ ចោទប្រកាន់ ៥បទល្មើស ប្រឈមជាប់គុក ៣ឆ្នាំ (Video)

ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ យុវជនកម្រោលម្នាក់ ដែលបានជេរប្រមាថមើលងាយ និងគម្រាមវ៉ៃលើ មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកានោះ ចំនួន៥បទល្មើស និង ប្រឈមជាប់ ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាព។

លោក ប្លង់ សុផល ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យស្ថាប័នអយ្យការ បានថ្លែងអោយដឹង កាលពីថ្ងៃសៅរ៍ថា “ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ ពីបទ: បើកបរយានយន្តមិនព្រមបញ្ឈប់ យានយន្តតាមបញ្ជារបស់ មន្រ្តីនគរចរាចរណ៍ផ្លូវគោក, បទរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គ ដ​ល់ចរាចរសាធារណៈ, បទហិង្សាដោយចេតនា, បទប្រមាថ និង បទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ” ។

មន្ត្រីគរបាលចរាចរណ៍ រាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនត្រូវចោទ រូបនេះ មានឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។

គាត់ត្រូវបានចាប់ខ្លួន កាល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីគាត់បានជេរប្រមាថ និងគម្រាមវ៉ៃតប់ ទៅលើមន្ត្រី សមត្ថកិច្ចចរាចរណ៍ផ្លូវគោក
ម្នាក់ ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២, ខណ្ឌមានជ័យ៕ ដោយ រស្មី អាកាស

To Top