បរទេស៖ ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច ជួបប្រជុំគ្នាពិភាក្សាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការ ប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែននោះ អង្គការណាតូនិងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនឹងបង់តម្លៃខ្ពស់ សម្រាប់ការឈ្លានពានយោធាថ្មីណាមួយទៅលើប្រទេសអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចពិភាក្សាសរបស់ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សម្ពន្ធមិត្ត នៅក្នុងរដ្ឋធានី Riga ប្រទេសឡាតវីថា លោកខាងលិច នាពេលថ្មីៗនេះ បានបង្ហាញរួចហើយថា ខ្លួនអាចនឹងធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងនយោបាយ លើទីក្រុងមូស្គុ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Jens Stoltenberg បានមានប្រសាសន៍យ៉ាងដូច្នេះថា “នឹងមានតម្លៃដ៏ខ្ពសើត្រូវបង់ សម្រាប់ប្រទេសរុស្ស៊ី ប្រសិនបើពួកគេប្រើប្រាស់ជាថ្មីម្តងទៀត ទៅលើប្រជាជាតិមានឯករាជ្យភាព គឺប្រទេសអ៊ុយក្រែន”។
គួរបញ្ជាក់ថា ការប្រមូលផ្តុំកងទ័ពរបស់ប្រទេសរុស្ស៊ីចំនួន២នៅក្នុងឆ្នាំនេះ តាមព្រំដែននៃប្រទេសអ៊ុយក្រែន បានបង្កឲ្យមានការព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិច។ នៅក្នុងខែឧសភា កងទ័ពរុស្ស៊ីនៅទីនោះមានគ្នាចំនួន១០០.០០០នាក់ ដែលជាចំនួនដ៏ធំបំផុតចាប់តំាងពីបានយកតំបន់គ្រីមាដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនមក៕
ប្រែសម្រួល៖ប៉ាង កុង