ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានហួសចិត្តចំពោះពួកអ្នកវិភាគ នៅក្រៅប្រទេសមួយចំនួន មកវិភាគរឿង ចៅស្រីសម្ដេចទី២១ ស្រស់ទឹកភ្នែក តែមិនយំ។
ប្រហែលមួយអាទិត្យមុន សម្តេចបានឲ្យគេនិពន្ធបទចម្រៀងនិយាយពីចៅស្រីរបស់សម្តេចដែលស្រក់ទឹកភ្នែក តែអត់យំ ក្រោយសម្តេចបានពរប្រលែងលេង ជាមួយចៅ តែចៅមិននិយាយអ្វីទេគិតតែស្រក់ទឹកភ្នែក ។ មកដល់ពេលនេះ មានអ្នកនិពន្ធប្រហែលជាជិត៥០បទហើយ ប៉ុន្តែមានអ្នកវិភាគមួយចំនួន បែរជាយកពេលវេលាមកវិភាគពីចៅសម្តេចទៅវិញ ។
ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេច បានឲ្យគេនិពន្ធបទចម្រៀង ស្រស់ទឹកភ្នែក តែមិនយំ បន្ទាប់ពីចៅស្រីទី២១ របស់សម្ដេច ស្រស់ទឹកតែមិនយំ ហើយរហូតមកដល់ពេលនេះ មានជាង៤៨បទ ។
សម្ដេចបន្ដថា ក្រោយមកទៀត មានក្រុមអ្នកវិភាគនៅក្រៅប្រទេសមកវិភាគ រឿងចៅស្រី របស់សម្ដេច ដោយសម្ដេចចាត់ទុកថា រឿងប៉ុណ្ណោះមកវិភាគដែរ ដូច្នេះគ្មានយុទ្ធសាស្ដ្រអ្វី មកទប់ជាមួយសម្ដេចបានឡើយ។
សម្ដេចបន្ថែមថា «សូម្បីចៅស្រីឯកសោះ វាយកទៅវិភាគដែរ អាចង្រៃអស់នេះ ។ ចឹងថា វាអត់មិនបាន មិនយូរ មិនឆាប់ទេ វាត្រូវបណ្តាសារចៅទី២១ ហ្នឹងហើយ។ ខ្ញុំប្រឹងទៅ ពរចៅ ហើយមិនដឹងថា គេកើតទុក្ខរឿងអី គេស្រស់ទឹកភ្នែក ប៉ុន្ដែគេមិនយំ យំអត់លឺ តែស្រក់ទឹកភ្នែក ហើយក៏បង្ហោះហ្វេសប៊ុកទៅ»។
សម្ដេចបញ្ជាក់ថា «ហើយវាប្រកាច់យកទៅវិភាគដែរ ។ ល្អថ្ងៃក្រោយ យាយឲ្យហែងរវល់វិភាគ ឡប់គ្រឿង កន្លែងល្អិតៗចឹងទៅយកមកវិភាគដែរ។ ចឹងគ្មានយុទ្ធសាស្ដ្រអី មកទប់ជាមួយ យុទ្ធសាស្ដ្រ តេជោ នេះបានហៅថា អាក្រក់មែន»៕