ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ លើកទឹកចិត្តឲ្យក្រុមហ៊ុនឥណ្ឌូនេស៊ី មកបណ្តាក់ទុននៅកម្ពុជា (Video)

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា​ បានប្រកាសលើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី ឲ្យមកធ្វើការបណ្តាក់ទុននៅកម្ពុជា ស្របតាមលក្ខខណ្ឌ អនុគ្រោះសម្រាប់វិនិយោគិន ដោយយោងតាមច្បាប់ ស្តីពីការវិនិយោគថ្មី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ ធ្នូនេះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ធ្នូ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានជួបពិភាក្សាទ្វេភាគី ដែលក្នុងឱកាសនោះ រដ្ឋមន្រ្ដីទាំងពីរបានវាយតម្លៃ ចំពោះទំនាក់ទំនងទ្វេភាគី ដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលមានការរីកចម្រើនលើ វិស័យនានាជាច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ សុខាភិបាល ទេសចរណ៍ និងការតភ្ជាប់ ដោយផ្អែកលើស្មារតីនៃការទុកចិត្តគ្នា យោគយល់គ្នា និងដើម្បីជាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ លោក ប្រាក់ សុខុន បានកោតសរសើរយ៉ាងខ្លាំង ចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ ដល់ការកសាងសមត្ថភាពកងទ័ព ក៏ដូចជាវគ្គបណ្តុះបណ្តាល ដល់កងយោធពលខេមរភូមិន្ទ និងអង្គភាពអង្គរក្សរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងប្រកាសបញ្ជាក់ថា «ក្នុងកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគ រដ្ឋមន្រ្តីការបរទេសទាំងពីរបានឯកភាព ជំរុញឲ្យភាគីទាំងពីរបង្កើនទ្វេដង នូវកិច្ចខិតខំប្រឹងប្រែង ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកទឹកចិត្តបន្ថែមទៀតដល់
ក្រុមហ៊ុនឥណ្ឌូនេស៊ី ឲ្យមកធ្វើការបណ្តាក់ទុននៅកម្ពុជា ស្របតាមលក្ខខណ្ឌអនុគ្រោះសម្រាប់
វិនិយោគិន ដោយយោងតាមច្បាប់ស្តីពីការវិនិយោគថ្មី» ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ និងរំពឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៥ នឹងត្រូវរៀបចំឡើង នាពេលឆាប់ៗខាងមុខ នៅកម្ពុជា ៕

To Top