ព័ត៌មានអន្តរជាតិ

ថៃ ៖ យន្តហោះចម្បាំង ដែលមានអាយុជិត៤០ឆ្នាំ បានធ្លាក់ បណ្តាលឱ្យពិឡុត របួសធ្ងន់ បាក់ជើងទាំង២ និងបាក់ដៃម្ខាងទៀត

បរទេស ៖ អ្នកបើកយន្តហោះកងទ័ពអាកាសម្នាក់ បានរងរបួសធ្ងន់ បាក់ជើងទាំង២ និងបាក់ដៃឆ្វេងមួយទៀត នៅពេលយន្តហោះចម្បាំង F-5 បានធ្លាក់អំឡុងពេលហ្វឹកហាត់នៅស្រុក Chai Badan ក្នុងខេត្ត Lop Buri កាលពីព្រឹកថ្ងៃសុក្រ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពអាកាស AVM Prapas Sornchaidee បាននិយាយថា យន្តហោះចម្បាំងមកពីមូលដ្ឋាន ទ័ពអាកាស Wing 21 បានធ្លាក់ចូលទៅក្នុង ទីលានហ្វឹកហាត់ នៅក្នុងស្រុក Chai Badan នៅម៉ោងប្រហែល 11 ព្រឹក ។

អ្នកនាំពាក្យរូបនេះបាននិយាយថា អ្នកបើកយន្តហោះបាន ចុចកៅអីហោះចេញ ប៉ុន្តែជាអកុសល បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរ ពេទ្យជាបន្ទាន់ ។ លោក AVM Prapas បាននិយាយថា មេទ័ពអាកាសបានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះអ្នកបើកបរដែលរងរបួស ។

កងទ័ពអាកាសបានបង្កើតការ ស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ។ ប្រភពមួយបាននិយាយថា យន្តហោះនេះមានអាយុជិត ៤០ ឆ្នាំហើយ ប៉ុន្តែបានទទួលការថែទាំត្រឹមត្រូវ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top