ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា បន្តិចទៀតកម្ពុជាលែងខ្វះវ៉ាក់សាំងជំងឺកូវីដ ក្នុងការប្រើប្រាស់ហើយ បន្ទាប់ពីមានការផលិតក្នុងប្រទេស ប៉ុន្តែត្រូវត្រៀមថវិកាសម្រាប់ទិញ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ដោយចំណាយប្រាក់ជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ បានលើកឡើងថាកន្លងមក សម្តេចបានស្នើឲ្យភាគីចិន ផលិតវ៉ាក់សាំងនៅកម្ពុជា ឥឡូវមានការគំាទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនចិន ដោយបានចុះហត្តលេខាជាមួយគ្នារួចហើយ ។
សម្តេចបញ្ជាក់ថា “អីចឹងបន្តិចទៀតកង្វះវ៉ាក់សាំងដែលយើងកំពុងតែកង្វល់ យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គងខ្លួនឯង ប៉ុន្តែក៏ត្រូវត្រៀមលុយទិញ មិនមែនយកមកទទេរនោះទេ ។ តែគ្រាន់តែយើងមានវ៉ាក់សាំងផលិតនៅក្នុងទឹកដីរបស់យើងដែលអាចទិញមកប្រើប្រាស់ក្នុងតម្លៃធូររាប់ទាំងមិនគិតថ្លៃដឹកជញ្ជូន ហើយអាចតម្លៃធូរជាង ទាំងមិនចាំបាច់ដឹកជញ្ជូនផ្លូវឆ្ងាយ»។
សម្តេចបន្តថា ជំងឺកូវីដ១៩ មិនដឹងចប់ពេលណានោះទេ រហូតដល់ពេលនេះមានអ្នកខ្លះ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩រហូតដល់៤ដូសរួចហើយ។ ករណីចាក់វ៉ាក់សាំងកូវវីដ១៩នេះដែរ សម្តេចតេជោក៏បានស្នើឲ្យក្រសួងសុខាភិបាលរួមទាំងអាជ្ញាធរនៅតាមព្រំដែន ធ្វើការត្រួតពិនិត្យឡើងវិញថា តើនៅតាមព្រំដែនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដ១៨ដូសទី៣ហើយឬនៅ ។ បើសិនមិនទាន់ចាក់ត្រូវធ្វើការចាក់ដូសទី៣ ដើម្បីឲ្យមានភាពស៊ាំ ។
ចំណែក លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងដែរថា «ក្រុមហ៊ុនស៊ីណូហ្វាមចិនបានកំពុងតែធ្វើការងារជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយប្រហែលឆ្នាំក្រោយប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលផលិតក្នុងស្រុកបាន»។ ខ្ញុំជឿងជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ភាគីជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយអាស៊ីបូព៌ា ការកសាងសង្គមវាសនារួមសេដ្ឋកិច្ច កម្ពុជា ចិន …នឹងធ្វើឲ្យមានការអភិវឌ្ឍជាច្រើននៅពេលខាងមុខ»៕