បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការមេរោគកូរ៉ូណា Sputnik V របស់រុស្ស៊ី មិនគួរត្រូវបានដកហូតសិទ្ធិធ្វើដំណើរជុំវិញពិភពលោកនោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានសហព័ន្ធក្រហមអន្តរជាតិ និងសង្គមអឌ្ឍចន្ទក្រហម (IFRC) លោក Francesco Rocca ថា “យើងត្រូវធ្វើឱ្យប្រាកដថា អ្នកដែលបានចាក់វ៉ាក់សាំង Sputnik V ដូចអ្នកដែលបានចាក់វ៉ាក់សាំងជាមួយវ៉ាក់សាំងផ្សេងទៀត មានឱកាសធ្វើដំណើរជុំវិញពិភពលោកដោយគ្មានការព្រួយបារម្ភ” ។
លោកប្រធានាធិបតី បានបន្ថែមថា អាជ្ញាធររុស្ស៊ី “ក៏សង្ឃឹមសម្រាប់ការគាំទ្ររបស់អ្នក ដើម្បីធានាការផ្សព្វផ្សាយវ៉ាក់សាំងរបស់យើង” ហើយថា រុស្ស៊ីគួរតែទទួលបានវិញ្ញាបនបត្រ WHO សម្រាប់ការផលិតវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីផ្សព្វផ្សាយវាឱ្យកាន់តែទូលំទូលាយជុំវិញពិភពលោក។
លោកពូទីនក៏បានលើកឡើងផងដែរថា លទ្ធផលនៃការវិភាគនៃការប្រើប្រាស់វ៉ាក់សាំងនៅបរទេសបានបង្ហាញថា វ៉ាក់សាំង Sputnik V ស្ថិតក្នុងចំណោមវ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពបំផុត៕ប្រែសម្រួលៈ ណៃ តុលា