ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ រៀបចំដោយអង្គការអុកហ្វាម

ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពីសមត្ថភាពរបស់កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការបង់ភាគទានមក ប.ស.ស. និងផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ លើកម្មករនិយោជិត ក្រៅប្រព័ន្ធដែលងាយរងគ្រោះ ដែលមានចូលរួម ពីតំណាងអង្គភាព ស្ថាប័ន អង្គការសង្គមស៊ីវិល សហជីព ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ប្រមាណជា ៤០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយអង្គការអុកហ្វាម ក្នុងគោលបំណងចែករំលែក នូវរបកគំហើញបឋម ស្ដីពីសមត្ថភាពរបស់កម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង់ភាគទាន មក ប.ស.ស. និងផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ លើកម្មករនិយោជិតក្រៅប្រព័ន្ធដែលងាយរងគ្រោះ ក្នុងន័យ ដើម្បីលើកកម្ពស់ សិទ្ធិការងារ ការងារសមរម្យ និងការគ្របដណ្ដប់កិច្ចគាំពារសង្គម ដល់កម្មករដែលងាយរងគ្រោះ និងកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនការអភិវឌ្ឍដែលមានលក្ខណៈបរិយាបន្ន ។

អង្គសិក្ខាសាលាខាងលើនេះដែរ លោកអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់តំណាងអង្គការអុកហ្វាម ដែលបានរៀបចំសិក្ខាសាលានេះឡើង ដែលក្នុងនោះរួមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា បានខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ លើបញ្ហាប្រឈមកន្លងមក ព្រមទាំងផ្តោតការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីកប្រព័ន្ធកិច្ចគាំពារសង្គមកម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដើម្បីចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕

To Top