ព័ត៌មានជាតិ

តុលាការបន្តសវនាការ ជំនុំជម្រះ លោកសម រង្សី គូកន និង អតីតសកម្មជន ៤២ នាក់ទៀត ជាប់ពាក់ព័ន្ធនឹង ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ បានបន្តបើកសវនាការជំនុំជម្រះ កាត់ទោសលោក សម រង្ស៊ី , គូកន និងអតីតគណបក្ស សង្គ្រោះជាតិ សរុបចំនួន ៤២ នាក់ ជាប់ពាក់ព័ន្ធ នឹងការរួមគំនិតក្បត់ និង ប៉ុនប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ ។

សវនាការនេះ ត្រូវបានដឹងនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមឯកសាររបស់តុលាកា បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ព្រមទាំងគូកន ចំនួន៤២នាក់ ទៀត រួមបញ្ចូលទាំងកញ្ញា សេង ធារីផងដែរ។

ពួកគេត្រូវបានជាប់ចោទពីបទ « រួមគំនិត ក្បត់ » និង « ញុះញង់ បង្ក ឲ្យ មាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម » ។

បន្ទាប់ការដេញដោលសាកសួរ ជនជាប់ចោទ ដែលមានវត្តមាននៅក្នុងអង្គសវនាការ អស់រយៈពេលមួយព្រឹកមក,លោកប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ ក៏បានលើកពេលសវនាការនេះ ទៅធ្វើបន្ត នៅថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះទៀត។

គួររំលឹកថា កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២១ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោស កំបាំងមុខ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត ។

ចំណែកឯ គូកនផ្សេងទៀតរួម មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និង លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ ,លោក អ៊ូ ច័ន្ទឫទ្ធិ ,លោក ហូរ វ៉ាន់ ,លោក ឡុង រី , និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារម្នាក់ៗ កំណត់ ២០ឆ្នាំផងដែរ៕

ដោយ រស្មី អាកាស

To Top