ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ឲ្យដាំផ្កាមុខផ្លូវចូល ប្រាសាទអង្គវត្ត ខណៈគម្រោងផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជិត៩៣%

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានសំណូមពរក្រុមការងារជំនាញ បច្ចេកទេសពាក់ព័ន្ធ ពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូល ទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៩២,៧២% ហើយ។

ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានណែនាំក្រុមការងារ ជំនាញបច្ចេកទេស របស់អង្គភាពសាងសង់ទាំងអស់ ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវ ដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាព រឹងមាំប្រើប្រាស់ ជាប់បានយូរអង្វែង។

លោក បានបញ្ជាក់ថា «សំណូមពរផងដែរ ឲ្យក្រុមការងារជំនាញបច្ចេកទេស ពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខ ផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជា ជួយបង្កើនសោភ័ណភាព ថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់ លើការដឹកជញ្ជូនកៅស៊ូស្រោចផ្លូវ ឲ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឲ្យស្រក់នៅតាមដងផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច»។

ទាក់ទងនឹងការអ៊ុតបេតុងកៅស៊ូ លោកទេសរដ្ឋមន្ត្រី បានពិនិត្យឃើញបញ្ហា កំហុសបច្ចេកទេសបន្តិចបន្តួច ក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និងបានណែនាំ ឲ្យក្រុមការងារបច្ចេកទេស របស់អង្គភាពសាងសង់ ក៏ដូចជា អ្នកជំនាញបច្ចេកទេស ពាក់ព័ន្ធធ្វើការកែតម្រូវ ឲ្យបានសមស្របទៅនឹង ស្តង់ដាបច្ចេកទេស នៃការសាងសង់។

សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១៕

To Top