ព័ត៌មានជាតិ

ក្រសួងសាធារណការ ៖ ទោះក្នុងបរិបទជំងឺកូវីដ តែទិញផ្លាកលេខពិសេស និងលេខផ្ទាល់ខ្លួន កើនឡើង

ភ្នំពេញ ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានឲ្យដឹងថា ការទិញផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ពីសំណាក់ប្រជាពលរដ្ឋ មានការកើនឡើង ទោះបីស្ថិតក្នុងស្ថានភាព ជំងឺកូវីដ-១៩ ក៏ដោយ។

យោងតាមរបាយការណ៍របស់ គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ក្រសួងសាធារណការ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន ៤៨០២ លេខ ទទួលបានចំណូល ថវិកាប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងលក់ផ្លាកលេខពិសេស រាជធានី-ខេត្ត ចំនួន២៥៣៦៤ លេខ ទទួលចំណូលថវិកាប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល។

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងាររបស់ គណៈកម្មការអន្តរក្រសួងគ្រប់គ្រង ការលក់លេខចុះបញ្ជីរថយន្ត សម្រាប់រៀបចំរបាយការណ៍សន្និបាត ឆ្នាំ២០២១ និង លើកទិសដៅការងារ បន្តឆ្នាំ២០២២ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោកស្រី កុយ សុដានី បានថ្លែងថា «ការកើនឡើង នៃការទិញផ្លាក លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុង ស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ និងបានប្តេជ្ញា បន្តធ្វើយ៉ាងណាជំរុញ ឲ្យការលក់លេខ ចុះបញ្ជីយាន យន្តកាន់ តែមានភាពល្អប្រសើរ និងកើនឡើងជាងមុន តាមរយៈការផ្សព្វផ្សាយ នៅតាមបណ្ដាក្រុមហ៊ុន ឯកជន»។

លោកស្រីកោតសរសើរ សមាជិកសមាជិការ គណៈកម្មការអន្តរក្រសួងទាំងអស់ ខិតខំប្រឹងប្រែង ក៏ដូចជាបានចូលរួមយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យប្រព័ន្ធ លក់ផ្លាកលេខពិសេសមានភាពរលូន ប្រសិទ្ធភាពខ្ពស់ ។

លោកស្រី រដ្ឋលេខាធិការ ស្នើក្រុមការងារពាក់ព័ន្ធរបស់ គណៈកម្មការអន្តរក្រសួងពិនិត្យ និងជួយណែនាំបន្ថែមដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ជាពិសេស មន្ត្រីឈានមុខដែលកំពុងបម្រើសេវា ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យពួកគាត់បំពេញ ការងាររបស់ខ្លួនប្រកបដោយការទទួល ខុសត្រូវខ្ពស់ មានតម្លាភាព ប្រសិទ្ធភាព ច្បាស់លាស់ ឆាប់រហ័ស និងគ្មានការចំណាយក្រៅផ្លូវការ ៕

To Top