ភ្នំពេញ ៖ ថ្មីនេះៗ ការសាងសង់មន្ទីរពេទ្យខេត្តសៀមរាប ដែលស្ថិតក្រោមហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ត្រូវបានបើកដំណើរការជាផ្លូវការហើយ ក្រោមវត្តមាន លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ (JICA) ប្រចាំនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA នាថ្ងៃទី៧ ធ្នូ បានឲ្យដឹងថា គោលបំណងនៃគម្រោងដើម្បីកែលម្អគុណភាពសេវាថែទាំសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុក ចំនួន៤ ផ្សេងទៀត ដោយការសាងសង់អគារមន្ទីរពេទ្យ និងការផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យ ព្រមទាំងចូលរួមពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងខេត្ត។
គម្រោងនឹងធ្វើការសាងសង់អាគារថ្មីមួយ (ទំហំប្រហែល ៧,២៦០ម៉ែត្រការ៉េ) ក្នុងបរិវេណមន្ទីរពេទ្យខេត្តសៀមរាប បំពាក់ដោយគ្រែអ្នកជំងឺចំនួន ២១២គ្រែនៅក្នុងអាគារផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះទៅទៀត គម្រោងនឹងផ្តល់ជូនឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀត រួមមាន៖ ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ត ក៏ដូចជាសម្ភារប្រើប្រាស់សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យខេត្តផ្ទាល់ និងនៅតាមមន្ទីរពេទ្យស្រុកចំនួនបួនផ្សេងទៀត ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងមួយនេះ បានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ រវាងក្រសួងសេដ្ឋកិច្ច និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងទឹកប្រាក់សរុបចំនួន ២,១៥៣លានយ៉េន (ប្រមាណជា ១៨.៩៥ លានដុល្លារ)៕