ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបង្ហើបថា បញ្ជីគណៈរដ្ឋមន្រ្តីថ្មី បានត្រៀមរៀបចំបំរុងទុក រួចរាល់ហើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា ក្រោយមានការជួបប្រជុំកាលពីថ្ងៃ៨ ធ្នូ ជាមួយមន្រ្តីជាន់ខ្ពស់នៅគេហដ្ឋានរបស់សម្ដេចផ្ទាល់ គឺបានសម្រេចរួចរាល់ហើយ នូវបញ្ជីគណៈរដ្ឋមន្ត្រីថ្មី ដើម្បីបំរុងទុកសម្រាប់ក្មេងជំនាន់ក្រោយ ។

ការបង្ហើបពីបញ្ជីគណៈរដ្ឋមន្រ្តីថ្មី សម្រាប់ក្មេងជំនាន់ក្រោយនេះ បន្ទាប់ពីសម្តេចបានប្រកាសជាជំហរក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត ។

ក្នុងឱកាស អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះ «អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ» ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ធ្នូនេះ សម្ដេចតេជោផ្ដាំទៅពួកប្រឆាំងថា គណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានរៀបចំត្រៀមរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ ហើយបើពិនិត្យក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ មានថ្នាក់បណ្ឌិតជិតពាក់កណ្ដាល ក្រៅពីនោះអនុបណ្ឌិត ។

សម្តេចបន្តទៀតថា សាកល្បងមើលទៅ ជាមួយធនធានមនុស្សរបស់គណបក្សប្រជាជន ដោយអាយុជាស្តង់ដារក្រោម ៦០ឆ្នាំ ។

សម្ដេចតេជោបញ្ជាក់ថា «ម្សិលមិញប្រជុំនៅផ្ទះខ្ញុំ រួចស្រេចបាត់ហើយ មានខ្ញុំ ខេង ឈុំ បាញ់ ម៉ែន សំអន សម្រេចបញ្ជីគណៈរដ្ឋមន្ត្រីបំរុងរួចបាត់ ។ ប៉ុន្តែមិនមែនឆ្នាំ២០២៣ទេ ព្រោះឆ្នាំ២០២៣ ខ្ញុំនៅជាបេក្ខជន តែពេលណាមួយចាំមើល សភាពការជាក់ស្ដែង ហើយមាននិរន្តរភាព ក្រុមហ៊ុននានាកុំបារម្ភ កសាងព្រលានយន្តហោះគិតតែកសាងទៅ ព្រោះវាច្បាស់ណាស់ហើយ អស់ពីឪគឺកូនធ្វើ វាទៅណាមិនឆ្ងាយទេ» ៕

To Top