ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល បានគូសបញ្ជាក់ថា ជំងឺកូវីដ១៩បម្លែងថ្មី «អូមីក្រុង» បានឆ្លងមានភាពលឿនឆាប់រហ័ស ខណៈរយៈពេល២សប្តាហ៍ ឆ្លងរហូតដល់៥៧ ប្រទេសរួមទាំងប្រទេស នៅអាស៊ី តែកម្ពុជាមិនទាន់មានរកឃើញ ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ថា គ្រាន់តែរយៈពេល២ សប្តាហ៍ជំងឺកូវីដ១៩ បំម្លែងថ្មីឈ្មោះ «អូមីក្រុង» បានរីករាលដាលឆ្លងរហូតដល់៥៧ប្រទេស នៅប្រទេសអាហ្វិក ចំណែកនៅប្រទេសអាស៊ី មានអូស្ត្រាលី ជប៉ុន សិង្ហបុរី ឥណ្ឌា កូរ៉េខាងត្បូង ថៃ ហុងកុង ជាដើម។
លោកស្រីក៏បានលើកឡើងទៀត ក្នុងចំណោមអ្នករកឃើញភាគច្រើន ជាអ្នកដំណើរ មកពីតំបន់អាហ្រ្វិក ឬអឺរ៉ុបដែលបានឆ្លងកាត់ ហើយរោគសញ្ញារកឃើញពីអូមីក្រុងមានសភាព មិនខុសជំងឺកូវីដ១៩ធម្មតានោះទេ គឺមានសភាពហត់នឿយ អស់កំលាំង ក្តៅខ្លួន ក្អក និងជឺបំពង់ក ហើយក៏មានការវិវត្តទៀត នៅពេលខាងមុខ ។
យ៉ាងណាក្តីលោកស្រីថា ភាពខុសគ្នារវាងកូវីដ១៩បម្លែងថ្មី អូមីក្រុង និងជំងឺកូវីដធម្មតា និងមួយចំនួនទៀតនោះ គឺដោយសារ អូមីក្រុង មានបម្លែងច្រើនចំលងលឿនជាងមុន ។
លោកស្រីបញ្ជាក់ថា “មកដល់ពេលនេះ កម្ពុជាមិនមានករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបម្លែងថ្មី អូមីក្រុងនោះទេ ប៉ុន្តែនៅពេលខាងមុខ កម្ពុជាអាចនឹងមានការឆ្លង ជំងឺកូវីដបម្លែងថ្មីនេះ ជាមិនខានតាមរយៈអ្នកដំណើរ” ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមិនចាក៉វ៉ាក់សាំងទៅចាក់ដើម្បីការពារ។
ចំណែក លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានបញ្ជាក់ដែរថា រហូតមកដល់ ពេលនេះ កម្ពុជាមិនទាន់មាន រកឃើញករណី ឆ្លងជំងឺកូវីដ១៩ បម្លែងថ្មី«អូមីក្រុង»នោះទេ ប៉ុន្តែប្រជាពលរដ្ឋ ត្រូវមានការប្រុង ប្រយ័ត្នជានិច្ច ពិសេសវិធានការ«៣កុំ ៣ការពារ» ដែលរាជរដ្ឋាភិបាលចេញ ។ ជាងនេះត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដឲ្យបានគ្រប់ដូស ដើម្បីការពារ ៕