បរទេស៖ បេសកកម្មដឹប្រយុទ្ធរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយមនៅក្នុងប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះ បានបញ្ចប់ជាផ្លូវការហើយ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ាក់។
ការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងដោយលោក Qassim al-Araji ក្រោយជុំចុងក្រោយនៃកិច្ចពិភាក្សាបច្ចេកទេសនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់ ដើម្បីផ្លាស់ប្តូរជាផ្លូវការនូវបេសកកម្មប្រយុទ្ធទៅជាបេសកកម្មប្រឹក្សាយោបល់ ជួយដល់កងកម្លាំងអ៊ីរ៉ាក់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសារលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធ័រ លោក Qassim al-Araji បានសរសេរយ៉ាងដូច្នេះថា “យើងធ្វើការប្រកាសជាផ្លូវការ នូវការបញ្ចប់បេសកកម្មប្រយុទ្ធរបស់កងកម្លាំងចម្រុះ”។
លោកបានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “ចំណងមិត្តភាពជាមួយកងកម្លាំងចម្រុះអន្តរជាតិ នៅតែបន្តធ្វើក្នុងការបណ្ដុះបណ្ដាល ផ្តល់ការណែនាំនិងកសាងសមត្ថភាព” សហរដ្ឋអាមេរិក នៅពេលភ្លាមៗនេះ នៅមិនទាន់ធ្វើការបញ្ជាក់ពីការបញ្ចប់បេសកកម្មប្រយុទ្ធនោះទេ ប៉ុន្តែមន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយនៅថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន នឹងរក្សាការប្តេជ្ញារបស់ខ្លួន រួមទាំងការប្តេជ្ញាដែលថា នឹងគ្មានកងកម្លាំងអាមេរិក ក្នុងតួនាទីប្រយុទ្ធ នៅត្រឹមចុងឆ្នាំនេះ៕
ប្រែសម្រួល៖ប៉ាង កុង