ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកកាសែតជនជាតិហ្វីលីពីនម្នាក់ ដែលពីមុនធ្លាប់ធ្វើការជាមួយទីភ្នាក់ងារព័ត៌មាន Reuters ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ ដោយអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ដែលជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតជាងរាប់សិបនាក់ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសនេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។
ប៉ូលិសបានឲ្យដឹងថា លោក Jesus “Jess” Malabanan អាយុ៥៨ឆ្នាំដែលធ្វើការជាមួយ Manila Standard ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងទៀតត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ ខណៈពេលកំពុងមើលទូរទស្សន៍នៅផ្ទះនៅ Calbayog ក្នុងខេត្ត Samar ។
ពួកគេបាននិយាយថា មូលហេតុនៃការវាយប្រហារនេះមិនទាន់ច្បាស់លាស់ទេ ហើយខ្មាន់កាំភ្លើងដែលមានគ្នា២នាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ។
អ្នកនាំពាក្យរបស់ប្រធានាធិបតី Rodrigo Duterte លោក Karlo Nograles បានលើកឡើងថា ការស្លាប់របស់លោក Malabanan គឺជា “ឃាតកម្មដ៏សោកនាដកម្ម” ហើយបានជំរុញឱ្យសាក្សីចេញមុខ ។
លោក Nograles បានលើកឡើងថា ក្រុមការងាររបស់ប្រធានាធិបតីទទួលបន្ទុកសន្តិសុខប្រព័ន្ធផ្សព្វផ្សាយកំពុងពិនិត្យមើលឧបទ្ទវហេតុនេះ ហើយលោកកំពុង “ស្វែងយល់គ្រប់ជ្រុងជ្រោយ រួមទាំងលទ្ធភាពដែលថា ការសម្លាប់នេះទាក់ទងនឹងការងាររបស់គាត់ជាអ្នកកាសែត” ។
គេបានដឹងថា លោក Malabanan ចុងក្រោយបានធ្វើការជាមួយទីភ្នាក់ងារ Reuters លើការរាយការណ៍របស់ទីភ្នាក់ងារស្តីពីសង្រ្គាមគ្រឿងញៀនរបស់លោក Duterte ដែលបានឈ្នះរង្វាន់ Pulitzer សម្រាប់ការរាយការណ៍អន្តរជាតិក្នុងឆ្នាំ២០១៨ ។
អ្នកនាំពាក្យមកពីភ្នាក់ងារ Reuters បានលើកឡើងដោយពណ៌នាថា គាត់ជាអ្នកកាសែតដែលមានទេពកោសល្យ និងមានចិត្តក្លាហាន ដោយថា “យើងមានការសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងពីមរណភាពរបស់លោក Jesus “Jess” Malabanan” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា