ព័ត៌មានជាតិ

តាមរយៈ សមិទ្ធផលនានា ដែលទទួលបាន ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម មានជីវភាពប្រសើរ ឡើងជាបណ្ដើរៗ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា តាមរយៈសមិទ្ធផលនានា ដែលខេត្តកំពង់ចាម ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពប្រសើរឡើង ជាបណ្ដើរៗ ។

លោកអភិបាលខេត្ត បានលើកឡើង ដូច្នេះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ទៅកាន់ អង្គសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ របាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យ ជាសកលតាមការកំណត់ UPR ធ្វើនៅសាលាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញ នូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី៤ ខេត្តកំពង់ចាម បាននិងកំពុង មានការរីកចំរើន និងប្រែមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធិផលរូបវន្តជាច្រើន ជាពិសេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែលើកកម្ពស់ជាបណ្ដើរៗ ។

លោកអភិបាលខេត្តបានថ្លែងបន្តថា តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ដូចជាផ្លូវ ស្ពាន មន្ទីរពេទ្យ ប្រព័ន្ធ ធារាសាស្រ្ត អគ្គិសនី ទឹកស្អាត ។ ល ។ ដែលសមិទ្ធផលទាំងនោះ បាននិងកំពុងជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ពីភាពក្រីក្រ ១០០% ចាប់តាំងពីឆ្នាំ ១៩៧៩ មកនៅត្រឹម ១២ , ៦% នៅតាមទីប្រជុំជន និង ២២,៨% នៅតាមទីជនបទ ក្នុងឆ្នាំ ២០២០ ៕

To Top