ព័ត៌មានអន្តរជាតិ

ឧទ្ទាមហួធី៖ យន្តហោះស៊ើបការណ៍ គ្មានមនុស្សបើក ត្រូវបានបាញ់ទម្លាក់ ក្នុងទឹកដីយេមែន

សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា កងជីវពល ហួធី នៅក្នុងប្រទេសយេមែន បាននិយាយថា ពួកគេបានបាញ់ទម្លាក់ “យន្តហោះគ្មានមនុស្សបើក ស៊ើបការណ៍នៃក្រុមចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត” នៅក្នុងខេត្ត Marib ភាគកណ្តាលនៃប្រទេសយេមែន កាលពីថ្ងៃសុក្រ ។

ទូរទស្សន៍ Houthi-run al-Masirah TV បានរាយការណ៍ថា “យើងបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក Scan Eagle ដែលផលិតដោយសហរដ្ឋអាមេរិក ដែលជាកម្មសិទ្ធិរបស់ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ី សាអូឌីត នៅតំបន់ជួរមុខ Sirwah ភាគខាងលិចនៃ Marib” ។

គួររំលឹកថា កាលពីខែកុម្ភៈ ក្រុមឧទ្ទាមនៅយេមែន បានចាប់ផ្តើមការវាយលុកដ៏ធំមួយ ប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលយេមែន ដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត ដើម្បីដណ្តើមយកខេត្ត Marib ដែលសម្បូរប្រេង។

ប្រទេសយេមែន បានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលកងជីវពល ហួធី គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ ខេត្តភាគខាងជើងជាច្រើន និងបានបង្ខំរដ្ឋាភិបាលដែលទទួលស្គាល់ ជាអន្តរជាតិរបស់ប្រធានាធិបតី Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa ។

ក្រុមចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ី សាអូឌីតបានធ្វើអន្តរាគមន៍ ក្នុងជម្លោះយេមែន ក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់លោក Hadi ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top