បរទេស៖ វីរុសកូវីដ១៩ ដែលបំលែងខ្លួនប្រភេទថ្មីឈ្មោះ Omicron គឺកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដាណឺម៉ាក។ ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ចំនួននៃការឆ្លងវីរុសនេះបានកើនឡើងបីដង ហើយអ្នកជំនាញមានការព្រួយបារម្ភអំពីការរីករាលដាលយ៉ាងឆាប់រហ័សនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ថ្មីៗនេះបានបង្ហាញពីករណីឆ្លងវីរុសបំលែងថ្មី Omicron ចំនួន ២ ៤៧១ករណីនៅក្នុងប្រទេស ដាណឺម៉ាក ជាមួយនឹងអត្រាប្រេវ៉ាឡង់ដ៏គួរឱ្យព្រួយបារម្ភនៃអ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួចហើយ។ ជាង ១ ៨០០នាក់នៃអ្នកឆ្លងវីរុស បានចាក់ថ្នាំវ៉ាក់សាំងចំនួន ២ដងរួចហើយ ចំណែកមនុស្ស ២៣៤ នាក់ ដែលស្មើនឹងជិត១០ភាគរយនៃករណីផ្ទុកមេរោគសរុប គឺបានចាក់វ៉ាក់សាំងរហូតដល់ដូសទី៣ ឬ ដូសជំរុញថែមទៀត។
ខណៈពេលដែលការព្រមានអំពីការកើនឡើងករណីឆ្លងយ៉ាងខ្លាំង នាយកវិទ្យាស្ថាន State Serum លោក Henrik Ullum ជាថ្មីម្តងទៀតបានដាស់តឿនប្រជាជនដាណឺម៉ាក មូរដៃអាវឡើង ប្រយុទ្ធនឹងវីរុសនេះ៕