ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទោស ជនជាប់ចោទប្រុស-ស្រី ចំនួន ២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា និង ដាក់គុក ពួកគេ ម្នាក់ៗ កំណត់ ពី ២២ ឆ្នាំ ទៅ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ចំនួន៥ កញ្ចប់ធំ មានទម្ងន់ ជិត កន្លះគីឡូក្រាម ប្រព្រឹត្តនៅខណ្ឌទួលគោក កាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២០។
លោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹង ក្នុងអង្គសវនាការថា ជនជាប់ចោទទាំង ២នាក់ខាងលើ មានឈ្មោះ ទី១-សុខ ធឿន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ត្រូវជាប្តី និង និង ទី ២- ឈ្មោះ គង់ ចិន្ថា ភេទ ស្រី អាយុ ៣០ ឆ្នាំ ត្រូវជាប្រពន្ធ។
អ្នកទាំងពី មានទីលំនៅ នៅសង្កាត់ បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកចៅក្រមបានបញ្ជាក់ថា ក្នុងចំណោមពួកគេទាំង២នាក់ ឈ្មោះ សុខ ធឿន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នំា ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួនន៤០ លានរៀល រីឯ ប្រពន្ធឈ្មោះ គង់ ចិន្ថា ត្រូវជាប់គុក ២២ ឆ្នាំ និង ត្រូវបានពិន័យ ជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៤០លានរៀល ផងដែរ។
ពួកគេត្រូវបាន ជាប់ចោទពីបទ: ជួញដូរ និង រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ត្រូវបាន
៊ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ នៅសង្តាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានគ្រឿងញៀន ចំនួន ៥ កព្ចាប់ធំ មានទម្ងន់ សរុប ៤០០, ៩៥ ក្រាម៕
ដោយ រស្មី អាកាស