ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ នៃ ប.ស.ស. បានសង្កត់ធ្ងន់ថា ក្នុងនាមមន្រ្តី បុគ្គលិក ដែលជាអ្នកបម្រើសេវាជូនសមាជិក ប.ស.ស. ទូទាំងរាជធានី ខេត្ត-ខណ្ឌ ត្រូវតែពង្រឹងសមត្ថភាព បន្តសិក្សាស្រាវជ្រាវ និងឈ្វេងយល់ ឱ្យកាន់តែច្បាស់បន្ថែមទៀត អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធទៅនឹង កិច្ចការងាររបស់ខ្លួន ដើម្បីយកមកប្រើប្រាស់ ក្នុងការបំពេញការងារ ជូនអង្គភាព និងសង្គមជាតិទាំងមូល។
លោកអគ្គនាយក បានថ្លែងបន្តថា៖ ក្នុងនាមយើងជាមន្រ្តីរាជការ ត្រូវធ្វើយ៉ាងណាបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយក្រមសីលធម៌ល្អ ទន់ភ្លន់ ម៉ឺងម៉ាត់ ជាមួយនឹងទំនួលខុសត្រូវខ្ពស់ បើទោះបីជាកន្លងមកបានអនុវត្ត ការងារសម្រេចបានលទ្ធផល ល្អប្រសើរយ៉ាងណាក៏ដោយ។
លោកអគ្គនាយក ក៏បានបន្តជម្រុញ លើកទឹកចិត្តឲ្យលោក លោកស្រីដែលជា ប្រធាន អនុប្រធាន និងមន្រ្តី ប្រធាននាយកដ្ឋាន និងគ្រប់សាខាខេត្ត-ខណ្ឌ ទាំងអស់បន្តដឹកនាំ អនុវត្តន៌ការងារ ក៌ដូចជាគោរពវិន័យ និងត្រូវពន្លឿនក្នុងការ ផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ឲ្យបានទាន់ពេលវេលា ជាពិសេសការផ្តល់ការ សម្របសម្រួល ឲ្យបានទាន់ពេលវេលា ចំពោះបងប្អូនដែលជាសមាជិក ពេលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស.។
ក្នុងឱកាសនោះលោកអគ្គនាយក បានណែនាំឲ្យ ថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកទាំងអស់ ចូលរួមបន្ដអនុវត្តនូវវិធាន “៣ការពារ ៣កុំ” ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមវិធានរបស់ក្រសួងសុខាភិបាល ឆ្លើយតបទៅនឹង អនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត ទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីរក្សាសុខុមាលភាព ជូនប្រជាពលរដ្ឋ ប្រកបដោយភាពជោគជ័យខ្ពស់ ឈានទៅរកការ បើកដំណើរការឡើងវិញ គ្រប់វិស័យទាំងអស់។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង១០០នាក់ ទាំងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) និងចូលដោយផ្ទាល់៕