ព័ត៌មានអន្តរជាតិ

ចិន រុស្ស៊ី ប្ដេជ្ញាការពារផលប្រយោជន៍ស្នូលទៅវិញទៅមក និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្ដិធម៌អន្ដរជាតិ

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរបានសរសើរ “គំរូ” ទំនាក់ទំនងចិន-រុស្ស៊ី ហើយបានសន្យាថា នឹងសហការបន្ថែមទៀតលើការការពារផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។

មេដឹកនាំទាំងពីរក៏បានព្រមព្រៀងថា នឹងមានជំនួបផ្ទាល់នៅខែកុម្ភៈ ក្នុងទីក្រុង ប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កិច្ចប្រជុំនិម្មិតជាលើកទីពីរក្នុងឆ្នាំ២០២១ និងកិច្ចប្រជុំលើកទី៣៧ រវាងលោក ស៊ី និងលោក ពូទីន ចាប់តាំងពីឆ្នាំ២០១៣ បានគ្របដណ្តប់លើប្រធានបទជាច្រើនរួមទាំងលទ្ធិប្រជាធិបតេយ្យ ការឆ្លើយតបនឹងជំងឺរាតត្បាតរួម ពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការថាមពល និងកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង។

លោក Sun Jingxin អ្នកជំនាញនៃបណ្ឌិត្យសភាសិក្សាសហសម័យចិន និងពិភពលោកបានលើកឡើងថា “ទំនាក់ទំនងជាញឹកញាប់ និងមិត្តភាពរឹងមាំរវាងប្រមុខរដ្ឋទាំងពីរបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរ” ។

នៅក្នុងនោះដែរលោក ស៊ី បានសរសើរលោក ពូទីន ដែលបានគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាផលប្រយោជន៍ស្នូល និងបានច្រានចោលការប៉ុនប៉ង ដើម្បីសាបព្រួសជម្លោះរវាងរុស្ស៊ី និងចិន។

ប្រធានាធិបតីចិនក៏បានឲ្យដឹងផងដែរថា លោករំពឹងថានឹងជួបលោកពូទីន ក្នុងខែកុម្ភៈ នៅពេលដែលលោកពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងចូលរួមក្នុងពិធីបើកការប្រកួតកីឡារដូវរងា។

លោក ស៊ី បានបន្ដថា “តាមរយៈសកម្មភាពជាក់ស្តែងនេះ អ្នកបង្ហាញការគាំទ្រដល់ប្រទេសចិនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ” លោក ស៊ី បានបន្ថែមថា វានឹងក្លាយជាជំនួបផ្ទាល់លើកដំបូងរវាងពួកគេក្នុងរយៈពេលពីរឆ្នាំ៕

ដោយ ឈូក បូរ៉ា

To Top