ព័ត៌មានជាតិ

ប.ស.ស. និង ADB ជួបពិភាក្សាគ្នា ស្តីពីកិច្ចសហប្រតិបត្តិការទៅលើវិស័យ សន្តិសុខសង្គម

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានដឹកនាំមន្រ្តីបច្ចេកទេសជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «បេសកកម្មរៀបចំ គម្រោងសម្រាប់ព្រំដែន សុខុមាលភាពមហាអនុតំបន់មេគង្គ និង ហិរញ្ញប្បទានសុខភាព ជនទេសន្តរប្រវេសន៍» ។

យោងតាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ត្រូវបានសិក្សាសមិទ្ធិលទ្ធភាព ក្រោមការឧបត្ថម្ភគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  ក្នុងគោលបំណងពង្រីកវិសាលភាព គម្រោងមួយនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៅលើការប្រើប្រាស់ សេវាថែទាំសុខភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាប្រជាជនទូទៅ នៅតាមព្រំដែន។

តាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនេះដដែល បានឱ្យដឹងទៀតថា៖ កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្លាប់បានផ្ដល់ជំនួយបច្ចេកទេសផងដែរ ទៅលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជាដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមជាដើម។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០ រូប ៕

To Top