ភ្នំពេញ៖ លោក ឈៀង យ៉ាងណារ៉ា អគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះអាមេរិក ដែលផ្ដល់ហរិញ្ញប្បទាន ឥតសំណងប្រមាណ ១៥លានដុល្លារ និងវ៉ាក់សាំងកូវីដ-១៩ Johnson& Johnson ប្រមាណ ១,០៦លានដូស ដល់កម្ពុជា សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ និងស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក W. Patrich Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ឈៀង យ៉ាងណារ៉ា បានថ្លែងថា «អំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិកដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់វិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន និងអភិបាលកិច្ច និងអន្តរវិស័យ ជាពិសេស ការផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ ១៥ លានដុល្លារអាមេរិក និងវ៉ាក់សាំងកូវីដ-១៩(Johnson & Johnson) ចំនួនប្រមាណ ១,០៦ លានដួស ដល់កម្ពុជាសម្រាប់គាំទ្រដល់វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវិធានការងារសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា»។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា និងវឌ្ឍនភាពសម្រេច បានក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ពិសេសការគ្រប់គ្រងបានល្អប្រសើរ នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅកម្ពុជា និងការសម្រេចតាមផែនការក្នុងការ ចាក់វ៉ាក់សាំងកូវីដជូនប្រជាជនកម្ពុជា និងជនបរទេសកំពុងរស់នៅ និងធ្វើការងារនៅកម្ពុជា ផងដែរ។
ឆ្លៀតឱកាសនោះ លោក ឈៀង យ៉ាងណារ៉ា និងលោកឯកអគ្គរដ្ឋទូត W. Patrick Murphy ក៏បានពិភាក្សាលើវឌ្ឍនភាពសម្រេចបាន នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍឆ្នាំ២០២១-២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដែលគ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខា ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ២០២២ ខាងមុខ ។
តាមរយៈកិច្ចព្រមព្រៀមនេះ ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០លានដុល្លារ នឹងគ្រោងផ្ដល់ដោយរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក សម្រាប់គាំទ្រដល់វិស័យសុខាភិបាល, អប់រំ, កសិកម្ម និងបរិស្ថាន សម្រាប់រយៈពេល ៥ឆ្នាំ ៕