កីឡា

សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាព ទទួលរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ ។

ពហុកីឡាដ្ឋានជាតិមរតកតេជោ អាចរៀបចំព្រឹត្តិការណ៍ ប្រកួតគីឡាអន្តរជាតិ និងការប្រកួតគីឡាបាល់ទាត់ អន្តរជាតិខ្នាតធំ និងអាច រៀបចំពិធីថ្នាក់ជាតិ ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន ពិសេសនិងក្លាយជាពហុកីឡាដ្ឋានដ៏ សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថា ពហុកីឡាដ្ឋានមរតកតេជោ ក៏ជាពហុកីឡាដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលអាចទទួលទស្សនិកជន ចូលអង្គុយទស្សនារហូត ដល់ជាង៦ម៉ឺននាក់ និងអាចជន្លៀសទស្សនិកជន ក្នុងរយៈពេលប្រមាន ៧នាទី នៅពេលជួបឧបទ្ទហេតុអ្វីមួយកើតឡើង។ សមិទ្ធផលនេះកើតឡើង ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដែលជា សមិទ្ធផលផ្លែផ្កានៃ កិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា៕

To Top